ប្រទេសវៀតណាម៖ យោងតាមប្រភពព័ត៌មាន ពីកាសែតក្នុងស្រុកវៀតណាមមួយ បានផ្សាយឲ្យដឹងថា កងកម្លាំងប៉ូលិសនៅក្នុងខេត្តឡាវកាយ ប្រទេសវៀតណាម បានចាប់ខ្លួនបក្សពួក និងមេក្លោងឈ្មោះ ងូ ទុង ដែលបានឆបោកទ្រពសម្បត្តិរបស់ជនរងគ្រោះ ចំនួនជាង២០០ករណី ហើយត្រូវបានប្រទេសវៀតណាម ប្រគល់ឲ្យខាងភាគីចិន ដោះស្រាយទៅតាមផ្លូវច្បាប់ ក្រោយពីចាប់បាន ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ដោយប៉ូលិសព្រហ្មទណ្ឌខេត្តឡាវកាយ បានធ្វើការប្រគល់ជនជាតិចិនខាងលើ ចំនួនសរុប១០នាក់ ដែលបានឆបោកតាមបណ្តាញអ៊ីនធើណេត ឲ្យទៅប៉ូលិសចិនរួចរាល់ ខណៈពេលដែលជនសង្ស័យខាងលើ បានបង្ហាញខ្លួននៅខេត្តឡាវកាយ ប្រទេសវៀតណាមនោះ ។

យោងតាមលទ្ធផលស្រាវជ្រាវ របស់ប៉ូលិសស្រុកហាឃូវ ខេត្តយូណាន បានសហការជាមួយនាយកដ្ឋានប៉ូលិស ខេត្ត Shandong ប្រទេសចិន ហើយបានធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់ថា មេក្លោងនិងបក្សពួកខាងលើ បានរត់ភៀសខ្លួនទៅខេត្តមួយនៃប្រទេសវៀតណាម ។

ក្រោយពេលចូលទៅកាន់ប្រទេសវៀតណាម ពួកជនល្មើសបានជួលផ្ទះសំណាក់ ហើយបានប្រើប្រព័ន្ធអ៊ីនធើណេត ភ្ជាប់ជាមួយស៊ីមទូរស័ព្ទលេខនៅប្រទេសចិន ដើម្បីប្រកាសលក់សារធាតុ Methanol នៅលើបណ្តាញសង្គម ហើយពេលដែលទទួលបានប្រាក់ពីអតិថិជន ពីការលក់សារធាតុខាងលើហើយ ពួកគេក៏បានផ្តាច់ប្រព័ន្ធទំនាក់ទំនងចោលតែម្តង ។

យោងតាមការស្រាវជ្រាវបានបង្ហាញទៀតថា ក្រុមរបស់មេក្លោងឈ្មោះ ងូទុង បានឆបោក ជាង២០០ករណី នៅក្នុង​១២ខេត្តក្រុងនៅប្រទេសចិន ។ នៅពេលចាប់ខ្លួនជនឆបោកខាងលើ ប៉ូលិសខេត្តឡាវកាយវៀតណាម បានរឹបអូសទូរស័ព្ទដៃ ៤៤គ្រឿង​ ស៊ីមកាត់ទូរស័ព្ទ ១០ស៊ីម​ ឧបករណ៍​Wifi ២៣គ្រឿង និងវត្ថុតាងផ្សេងៗជាច្រើនទៀត ៕