ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ពី​បុរស​ម្នាក់ បាន​សម្រេច ប៉ុន្តែ​រត់​មិន​រួច ព្រោះ​បុរស​ម្នាក់​បាន​ប្រើ​ជើង​រន្ទះ​ធាក់​ក្រុម​ជនសង្ស័យ​បណ្តាល​អោយ​ដួល​ម៉ូតូ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​វាយ​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ព្រែក​ព្នៅ ។

ហេតុការណ៍​ចោរឆក់​ខាងលើ​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​វត្ត​ពោធិ៍​មង្គល​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានមាន ៖ ​ទី​១​ឈ្មោះ សន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ និង​ជនសង្ស័យ ទី​២​ឈ្មោះ សឿ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង​បន្ត​តាម​និ​តិ​វិធី ៕