ភ្នំពេញៈ រថយន្តដឹកទំនិញធុនធំមួយគ្រឿង បានបើកចុះពីលើស្ពាន ទំនងជាជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករះរថយន្ត៤គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉កកង់បីមួយគ្រឿង ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្ស២នាក់រងរបួស កាលវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តយីឌុបដឹកទំនិញបង្កហេតុ ពាក់ស្លាកលេខ កំពង់ចាម 3A-4814 មិនស្គាល់អត្ដសញ្ញាណរបស់អ្នកបើកបរ។ រីឯយានយន្ត​រងគ្រោះ រួមមាន រថយន្ដព្រូស២គ្រឿង រថយន្តបាឡែន១គ្រឿង រថយន្តបែន១គ្រឿង និងម៉ូតូសណ្ដោង​រ៉ឺម៉ក។ ក្រៅពីធ្វើឲ្យយានយន្ដ៥គ្រឿងរងនូវការខូចខាតនោះ គ្រោះថ្នាក់ចរាចរណ៍នេះ ក៏បានបង្កឲ្យមនុស្ស២នាក់រងរបួសផងដែរ ក្នុងនោះអ្នកបើករថយន្តបង្ក របួសបាក់ជើងឆ្វេង និងបុរសជាកម្មករម្នាក់ទៀត បានគាបជាប់ នៅក្នុងរថយន្ត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដយីឌុបដឹកទំនិញមួយគ្រឿង បានបើកចុះពីស្ពានព្រះមុនីវង្សចាស់​ ស្រាប់តែរថយន្ដជ្រុលចង្កូតទៅបុករះរថយន្ដ​៤គ្រឿង និង​ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បណ្តាលឲ្យអ្នកបើករថយន្ដបង្ករងរបួសបាក់ជើងឆ្វេង និងកម្មករម្នាក់ទៀតគាបជាប់ នៅក្នុងរថយន្ត។ ឃើញហេតុនេេះ មន្រ្ដីនគរបាលចរាចរណ៍រាជធានី បានសហការគ្នាជាមួយនឹងនគរបាលសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ នាំគ្នាយកដែកគាស់មកគាស់ ដើម្បីសង្រ្គោះ ជន​រងគ្រោះ រួចហើយដឹកទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យឯកជកបាយ័ន។

ក្រោយពេលកើតហេតុ ដោយសាររថយន្តបាឡែន និងម៉ូតូសណ្ដោងរឺកម៉កកង់បី រងនូវការខូចខាតតិចតួច ទើបម្ចាស់មិនទាមទារសំណង ហើយសុំសមត្ថកិច្ចយកទៅជួសជុលដោយខ្លួនឯង។ ដោយឡែករថយន្តព្រូស២គ្រឿង ដែលខូចខាតផ្នែកខាងក្រោយ និងផ្នែកខាងមុខ ហើយរថយន្តបែន១គ្រឿងទៀត ដែលខូចខាតផ្នែកខាងក្រោយ និងរថយន្តបង្ក ដែលខូចខាតផ្នែកខាងមុខទាំងស្រុង ត្រូវសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ វាស់វែង និងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕