ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ មន្ដ្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​​ជាមួយ​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ទៅ​លើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើតេស្ត​បឋម​លើ​នំ​បញ្ចុក នំ​បាញ់ឌុក នំ​ចាក់ចាន់ បាញ់​កាញ់ លត សរសៃ​គុយទាវ និង​ផលិតផល​ម្ហូបអាហារ​មួយ​ចំនួន​ទៀត ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ។

ជា​លទ្ធផល​ការ​ធ្វើតេស្ត​បឋម បាន​រក​ឃើញ​ ការ​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់ «​បូ​រ៉ា​ក់​» នៅ​ក្នុង​ នំ​ចាក់ចាន់ ដែល​ដាក់​តាំង​លក់ នៅ​ផ្សារ​ច្បារ​អំពៅ ត្រូវ​មន្ត្រី​ជំនាញ​បាន​ដកហូត​កម្ទេច​ចោល​ភ្លាម​ៗ​ផង​ដែរ និង​ធ្វើ​បែបបទ​កិច្ចសន្យា​ជាមួយ​អ្នកលក់​ឲ្យ​បញ្ឈប់​ ការ​ប្រើប្រាស់​សារធាតុ​គីមី​នេះ​បន្ត​ទៀត ករណី​មិន​រៀងចាល​ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន​កាំ​កុ​ល​ត្រូល បាន​ឲ្យ​ដឹង​ថា មន្ត្រី​សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge Logistic សាខា​កាំកុងត្រូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ និង​សាខា​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ ដោយ​ទទួល​បានការ​ចូលរួម​សហការ​ពី​មន្ត្រី​មន្ទីរពិសោធន៍ និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ប្រចាំការ​នៅ​តាម​បណ្តា​ផ្សារ​សំខាន់​ៗ ចំនួន​៩ នៅ​រាជធានី​ភ្នំពេញ​មាន​ដូច​ជា ៖ ផ្សារ​ជម្ពូ​វ័ន ផ្សារ​សិន​ជូ​រី​ប្លា​ហ្សា ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គរ ផ្សារ​ស្ទឹង​មាន​ជ័យ ផ្សារ​ធំ​ថ្មី ផ្សារ​ទួល​ទំពូង និង​ច្បារ​អំពៅ ។

គោលដៅ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ​គឺ​ដើម្បី ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ៕