ខេត្តបន្ទាយមានជ័យៈ បុរសល្មោភកាមម្នាក់មានប្រពន្ធទៅហើយ បែរជាទុកឲ្យតណ្ហាដឹកមុខ ចាប់បង្ខំ​ប្អន​ថ្លៃរំលោភសេពសន្ថវៈ រហូតបានសម្រេច ហើយត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ វិច្ឆិកា ​នៅ​ក្នុងវត្តតេជោភ្នំឆត្រ ស្រុកស្វាយចេក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះ គឺកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នារីរងគ្រោះ​បានពឹងឲ្យ​ជនសង័្សយដែលជាបងថ្លៃ ជូននាងត្រឡប់ទៅផ្ទះវិញ។ លុះពេលគេបើកម៉ូតូជូននាងមកដល់ចំណុច​ដី​ក្រុមហ៊ុន​ជាតិ​អភិ​វឌ្ឍន៍ ដែលមាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥៨ ប្រហែល​៥០០​ម៉ែត្រ ស្ថិតក្នងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឃើញឱកាសល្អ ក៏​ចាប់បង្ខំ​​ប្អូនថ្លៃ​ ប៉ុនប៉ងរំលោភ​សេពសន្ថវៈ។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងសភាពបែបនេះ ជនរងគ្រោះបានខំប្រឹងរើបម្រះ តែត្រូវ​ជនសង័្សយ​បានវាយតប់នាង រហូតសន្លប់សន្ដូកស្ដឹង ហើយក៏ចាប់នាងរំលោភរហូតបានសម្រេច។ ប៉ុន្តែក្រោយ​ពេលជនសង័្សយ​រំលោភជនរងគ្រោះ​រួច ទើបនាងដឹងខ្លួន​ឡើងវិញ ហើយ​ព្យាយាម​អង្វរ​ករបងថ្លៃ​ឲ្យ​ជូន​នាងទៅ​ត្រឡប់មកផ្ទះវិញ។ លុះ​ពេលជនសង័្សយបើកម៉ូតូដឹកនាងមកដល់ពាក់កណ្តាល​ផ្លូវ ​នាង​ឃើញ​អ្នក​ឆ្លុះ​សត្វ ក៏​លោត​ចុះ​ពីលើម៉ូតូ និងស្រែក​ហៅឲ្យ​គេជួយ​។ ឮបែបនេះ អ្នក​ឆ្លុះ​សត្វបានរ​ត់មក​ជួយ​ជន​រង​គ្រោះ និង​ហូតខ្សែក្រវាត់វាយ​ប្រហារទៅលើជន​សង័្សយចំនួន​២​ខ្សែ​ក្រ​វា​ត់​​។ ឃើញស្ថានភាពមិនស្រួល ​ជនសង្ស័យ​បានព្យាយាម ​បើក​ម៉ូតូ​គេចខ្លួន​បាត់​ ចាប់តាំងពី​យប់​ថ្ងៃកើតហេតុ​។

មន្រ្ដីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយ​​ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ​ឈ្មោះ កែវ វណ្ណ​ឌី អាយុ​២៦​ឆ្នាំ មុខរបរជា​កម្មករ មាន​​លំនៅ​ក្នុងភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ រីឯនារី​រង​គ្រោះ​ ឈ្មោះ ក ស អាយុ​១៧​ឆ្នាំ មានលំនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ និងជនសង័្សយ ត្រូវជា​បងថ្លៃ និងប្អូនថ្លៃ​។

មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់ពីកើតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះមក អាណាព្យាបាលរបស់ជនរងគ្រោះ​ បាននាំនាងមកដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល។ យោងតាមពាក្យបណ្ដឹងនេះ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុក​ បានស្រាវជ្រាវ រហូតឃាត់ខ្លួន​ជន​សង័្សយបាន កាលពីវេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ វិច្ឆិកា ​នៅ​ក្នុងវត្តតេជោភ្នំឆត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចស្រុកស្វាយចេកបានធ្វើកំណត់ហេតុ ប្រគល់ជនសង័្សយជូននគរបាលស្រុក​ថ្មពួក នាំមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕