ខេត្តក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង របស់​ជនជាតិ​វៀតណាម ដែល​ធ្វើ​បែប​អនាធិបតេយ្យ គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ។

ការ​ចុះ​ចាប់​សិប្បកម្ម​កែ​ច្នៃ​ឈើ ធ្វើ​ឡើងកាលពី​​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នេះ ស្ថិត​នៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ។

ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ លោក ជា សុភ​ក្ត្រ័ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​ចាប់​សិប្បកម្ម​កែ​ច្នៃ​ឈើ និង​រឹបអូស​ឈើ​បានជា​ច្រើន​កំណាត់ ។ ដែល​ទីតាំង​នេះ តែងតែ​ធ្វើ​សកម្មភាព អារ ជ្រៀក ឈូសឈើ​ដោយ​ម៉ាស៊ីន លាន់​សំលេង​ទ្រហឹង ពេញ​ភូមិ រំខាន​ដំណេក​ដល់​អ្នក​ភូមិ ពេល​សម្រាក​ពេល​ថ្ងៃ ថែម​ទាំង​យក​កាក​សំណល់​ឈើ ឬ​អាចម៍​អាណា ចាក់​ចូល​ក្នុង​ទន្លេ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ថែម​ទៀត ។

ដោយឡែក​លោក ម៉ី វុ​ទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដី​ថ្ម​ក្រែ បាន​ឲ្យ​ដឹង​ថា ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​ប្រណីត និង​ឈើ​លេខ​១ ត្រូវ​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក នៅ​ស្ថានីយ៍​បណ្ដុះ​កូន​ឈើ​ខ្សា ដើម្បី​វាស់វែង និង​ពិន័យ ទៅ​តាម​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ ៕