បន្ទាប់ពីវីឌីអូ ក្មេងប្រុសក្នុងសៀមរាបម្នាក់អាចមានសមត្ថភាពនិយាយបានជាង១០ភាសា បានធ្វើអោយបណ្ដាសារព័ត៌មានក្នុងស្រុក ជាច្រើនចាប់អារម្មណ៍ និងបានចុះផ្សាយពីក្មេងប្រុងនេះ យ៉ាងគក្រឹក គក្រេង ហើយក៏មានបណ្ដាសប្បុរសជននានា ជួយជ្រោមជ្រែងក្មេងប្រុសនេះផងដែរ ។

បើតាមការចុះផ្សាយរបស់បណ្ដាញ ព័ត៌មានក្នុងស្រុក ថា លោកឧកញ៉ាមួយរូបដែលតែងតែជួយដល់អ្នកក្រីក្រនិងទីទល់ជាច្រើន គឺលោកឧកញ៉ាឌួង ឆាយ នឹងជួយផ្គត់ផ្គង់ក្មេងប្រុសនោះអោយរៀនចប់ចុងចប់ដើម ពោលគឺ ជួយក្មេងនោះ អោយរៀនចប់ថ្នាក់មហាវិទ្យាល័យ ដើម្បីអោយក្មេងនោះក្លាយជាទំពាំងដ៏ល្អមួយរូបនៅក្នុងសង្គមកម្ពុជា ។

អ្វីដែលជាកត់សម្គាល់ផងដែរនោះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានពេញចិត្ត និងសណ្ដោសប្រណី ដល់ក្មេងប្រុសនេះ ដោយបានចាត់អោយក្រុមការងាររបស់សម្ដេច ចុះទៅផ្ទាល់ និងសន្យាជួយក្មេងប្រុសនេះអោយរៀនចប់ចុងចប់ដើមដូចគ្នា ដើម្បីអោយក្មេងប្រុសម្នាក់នេះ ក្លាយជាធនធានមនុស្សសម្រាប់សង្គមកម្ពុជានៅពេលអនាគត។
គួរបញ្ជាក់ថា វិឌីអូក្មេងប្រុសកម្ពុជាដែលអាចនិយាយបានជាង១០ភាសានេះ ត្រូវបានបែកធ្លាយតាមរយៈភ្ញៀវទេសចរបរទេសម្នាក់ដែលមកទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយវីឌីអូ នេះ មានអ្នកមើលរាប់លានដងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក៏បានល្បី ទាំងក្នុងនិងក្រៅប្រទេសតែម្ដង ៕
សហការី KBN