ភ្នំពេញៈ សម្ដេចតេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី​វេលា​ម៉ោង​១០ ​និង​​៥៥​នាទី​ព្រឹក ​ថ្ងៃទី​១៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់​ប្រទេសសិង្ហបុរី ដើម្បី​​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និងកិច្ចប្រជុំជាច្រើនទៀត ​ដែល​នឹង​ប្រព្រឹត្ដទៅ ​ចាប់​ពី​ថ្ងៃទី​១៣​-១៥​ ខែវិច្ឆិកា​។

នៅក្នុង​ប្រទេស​សិង្ហ​បុរី សម្ដេចនាយក​រដ្ឋមន្ត្រី នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្រោម​មូលបទ «ភាពរឹងមាំ និងនវានុវត្តន៍​របស់​អា​ស៊ាន»។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរ​ទេស​​ និងសហប្រតិបត្ដិការអន្ដរកម្ពុ​ជា។

ក្រៅពីការ​ចូលរួម​ នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ដែល​ធ្វើ​ឡើងជា​ទៀងទាត់​មួយឆ្នាំ​ ពីរ​ដងនោះ សម្ដេចប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា គ្រោងនឹងចូលរួមនៅក្នុង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជា​ច្រើន​​ទៀត រួមាន កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន-អូស្ត្រាលី, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​​លើក​ទី២១, កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ​លើក​ទី២០, កិច្ចប្រជុំ​កំពូល​អាស៊ាន-រុស្ស៊ី លើក​ទី៣, កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​លើក​ទី២១, កិច្ចប្រជុំ​កំពូល​ក្រៅ​ផ្លូវ​ការ​​អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្​ឋអាមេរិក។

លើសពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក៣លើក​ទី២១ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី១៣ កិច្ចប្រជុំ​ចង្អៀត​កំពូល​អាស៊ី​បូព៌ា​អមដោយ​អាហារ​ថ្ងៃត្រង់ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី២ជាដើម។ ស្រប​ពេល​​ជាមួយគ្នានេះ សម្ដេចនឹង​អញ្ជើញ​ចូលរួម​ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ព្រម​នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ នៃ​បណ្តា​ប្រទេស​មួយចំនួនទៀត។

ដោយឡែក គណៈប្រតិភូ​កម្ពុជា ​ដែលអមដំណើរ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ទៅកាន់ប្រទេសសិង្ហបុរី រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា, លោក​ ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម, លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត។

សម្ដេចនាយករដ្ឋមន្រ្ដីបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់សម្ដេច​ថា ទោះជាសម្ដេច​ចេញទៅ​បំពេញបេសកកម្ម នៅក្រៅ​ប្រទេស​ក្ដី តែ​សម្ដេច​តែងតែ​នឹករឭក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ទីកន្លែង​ទាំងអស់៕