ខេត្តកណ្ដាលៈ បុរសម្នាក់បានទាស់ពាក្យសម្ដីគ្នាជាមួយនឹងប្រពន្ធពីរឿងបន្ដិចបន្ដួច ហើយមិនចេះទប់​កំហឹង ក៏ស្ទុះទៅវាយប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាល​ពី​វេលាម៉ោង៥ និង៣០នាទីល្ងាច នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ។

មន្រ្ដីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនបង្កហិង្សាជាប្ដីឈ្មោះ ឃុត សុផល អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ។ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ មានមុខរបរជាកសិករ និងមានលំនៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ​ ជនរងគ្រោះជាប្រពន្ធ បានកើតមានជំងឺហើមជើង ហើយគាត់ដើរទៅលេងផ្ទះរបស់អ្នកជិតខាង។ ឃើញបែបនេះ ជន​សង័្សយជាប្ដី បានប្រាប់ទៅប្រពន្ធថា បើម៉ែវាឯងឈឺជើងខំប្រឹងដើរធ្វើអី? បន្ទាប់ពីនិយាយ​តបតគ្នាចុះឡើង ក៏កើតទៅជាជម្លោះពាក្យសម្ដីគ្នា។ ប៉ុន្តែដោយសារតែប្ដីទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដំបង វាយ​មកលើប្រពន្ធ បណ្ដាលឲ្យរងរបួសក្បាល ដួលដេកទៅលើដី​ សន្លប់ស្ដូកស្ដឹង។

ក្រោយពេលកើតហេតុ សាច់ញាតិបានដឹកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។ ដោយឡែកជនសង័្សយជាប្ដី ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕