ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ មានហេតុការណ៍មួយ បានកើតឡើងនៅកន្លែងជល់មាន់លួចលាក់មួយកន្លែង ស្ថិតនៅក្នុងព្រៃខាងកើត ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ដោយក្រុមជល់មាន់ចំនួន២ក្រុម បានទាស់សម្តីគ្នា បង្កជាជម្លោះឈានដល់ការកាប់គ្នាទៅវិញទៅមក បណ្តាលឲ្យបុរសម្នាក់ បានត្រូវរបួសស្ទើដាច់ប្រអប់ដៃ ដោយសារតែរឿងស៊ីសងលុយគ្នាមិនត្រូវ ។

យោងតាមការឲ្យដឹង ពីមន្ត្រីនគរបាលប្រាប់ថា ក្រុមជល់មាន់បង្ករឿងខាងលើនេះ បានទាស់គ្នាដោយសារតែពាក្យសម្តីជេរឌឺដងគ្នា ទៅវិញទៅមកបង្កឲ្យមានហិង្សាកើតឡើង ឈានទៅដល់ទាញកាំបិតកាប់គ្នា ទើបបណ្តាលឲ្យបុរសម្នាក់ ត្រូវរបួសធ្ងន់ស្ទើដាច់ប្រអប់ដៃ ហើយមូលហេតុនៃជម្លោះខាងលើនេះ គឺពួកគេបានជល់មាន់ភ្នាល់ជាមួយគ្នា ប៉ុន្តែស្មើគ្នា ហើយភាគីម្ខាងមិនព្រម បង្កឲ្យមានជម្លោះកាប់គ្នាតែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវលើករណីខាងលើេនះ ហើយបានចាប់ជនបង្កដែលបានកាប់គេស្ទើតែដាច់ប្រអប់ដៃ យកទៅទទួលទោសតាមផ្លូវច្បាប់ផងដែរ ៕