ចែករំលែក

ខេត្តក្រចេះ៖ រថយន្ដមួយគ្រឿង​បានបើកបរយ៉ាងលឿន ហើយអ្នកបើកបររវល់តែនិយាយទូរស័ព្ទ ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើងចាក់ដំឡូង​មី និងកម្មករចោល ដេករដូករណែលពេញដី បណ្ដាល​ឲ្យរងរបួសធ្ងន់ និងស្រាលចំនួនចំនួន២៧នាក់ កាល​ពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។

មន្រ្ដីនគរបាលចរាចរស្រុកស្នួល បានឲ្យដឹងថា រថយន្តដឹកដំឡូងមីដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះ ម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌ស ស្លាកលេខ កំពង់ចាម 3A-2229 បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានលំនៅក្នុងភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យកម្មករចំនួន២៧នាក់រងរបួស ក្នុងនោះ៥នាក់បានរងរបួសធ្ងន់។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកដំឡូងមីខាងលើ​បានដឹកកម្មករជាង២០នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៧៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដបើក​មកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបររវល់លើកទូរស័ព្ទនិយាយចុះឡើង ទើបធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យកម្មករចំនួន២៧នាក់រងរបួសធ្ងន និងស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងដឹកអ្នករងរបួស បញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ដោយឡែករថយន្ដបង្កដែលរងនូវការខូចខាតស្ទើរទាំងស្រុង ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕