ខេត្តកំពង់ធំ៖ បុរសម្នាក់បានទាស់ពាក្យសម្ដីគ្នាជាមួយនឹងកូនប្រុសរបស់ប្ដីដើម រហូតផ្ទុះនូវកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅទាញព្រនង់វាយសំពង បណ្ដាលឲ្យរយះក្បាល កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពលេកើតមាននូវអំពើហិង្សានោះ ជនរងគ្រោះ និងជនបង្ក បានទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង តែគេមិនបានដឹងថា ទំនាស់នេះបានផ្ដើមចេញពីរឿងអ្វីនោះឡើយ។ លុះពេលកំហឹងរបស់ពួកគេកាន់តែពុះកញ្ជ្រោលឡើង ស្រាប់តែឪពុកចុង​ បានស្ទុះទៅទាញដំបងវាយប្រហារទៅលើកូនដើម បណ្ដាលឲ្យរងរបួសធ្ងន់។

មន្រ្ដីនគរបាលស្រុកសន្ទុក បានឲ្យដឹងថា ជនបង្កឈ្មោះ ប្រាក់ ទូច អាយុ៥២ឆ្នាំ។ រីឯជនរងគ្រោះឈ្មោះ ប្រាក់ ឈាន អាយុ៣៩ឆ្នាំ រងរបួសក្បាល ដេរជាច្រើនថ្នេរ។ ពួកគេទាំង២នាក់ ត្រូវជាឪពុក​ចុង និងកូនដើម មានលំនៅក្នុងភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល​ស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។ ដោយឡែកជនរងគ្រោះ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកត្រពាំងស្វាយបារាយណ៍-សន្ទុក៕