ខេត្តកណ្តាលៈ យុវជនម្នាក់​បានបើកម៉ូតូដឹកកម្មការិនី ត្រឡប់មកដល់បន្ទប់ជួលរបស់នាង ឃើញឱកាសស្ងាត់ល្អ ធ្វើឲ្យតណ្ហារបស់គេពុះកញ្ជ្រោលឡើង ក៏ចាប់នាងរំលោភសេពសន្ថវៈ​ តែត្រូវនាងរើបម្រះរួចពីក្រញាំ​បិសាច​តណ្ហា ហើយស្រែកហៅឲ្យអ្នកជិតខាងជួយ និងចាប់ខ្លួនជនសង័្សយ កាលពីវេលាម៉ោង៩ និង​៤៣នាទី​យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។

បើតាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា កន្លងមក នាងបានរាប់អានគ្នាជាមួយនឹងជនសង្ស័យ ប្រៀបបីដូចជាបងប្អូន។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានយកម៉ូតូមកឌុបនាងពីឃុំស្វាយប្រទាល មកដល់បន្ទប់ជួលរបស់ជនរងគ្រោះ រួចហើយទិញមី២កញ្ចប់ យកមកឆុងហូបជាមួយគ្នាតាមធម្មតា។

ជនរងគ្រោះ បានបន្ដថា​ បន្ទាប់ពីហូបមីរួច ជនសង័្សយបាននិយាយលួងលោម អង្វរសុំសេចក្ដីស្នេហា​ពី​នាង តែនាងមិនព្រម រួចហើយនាងដេញជនសង័្សយឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែជនសង័្សយបានប្រើល្បិចចូលទៅលុបមុខ​ នៅក្នុងបន្ទប់ទឹករបស់នាង រួចហើយគេដើរចេញមកវិញ ស្លៀកតែខោលីអូ និងដើរទៅខ្ទាស់គន្លឹះទ្វារ ហើយចាប់ឱបនាង។

ជនរងគ្រោះ បានបន្ដថា ស្ថិតក្នុងសភាពប្រកបដោយគ្រោះថ្នាក់បែបនេះ នាងបានស្រែកហៅអ្នកដទៃដែរ តែមិនមានអ្នកណាម្នាក់ឮ។ ភ្លាមៗនេះ ជនសង័្សយ​បានចាប់នាងផ្ដួលទៅលើឥដ្ឋការ៉ូ តែនាងខំប្រឹងរើបម្រះ រហូតរួចផុតពីក្រញាំបិសាចតណ្ហា និងចុចទូរស័ព្ទទៅប្រាប់លោក ឈួន ឆន មានមុខរបរ​ជាសន្ដិសុខ ទើបគាត់រត់មកជួយ ហើយប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនជនសង័្សយតែម្ដង។

មន្រ្ដីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយ​ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ឡេង គឹមលាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​ជាកម្មករបេះស្វាយ មានលំនៅក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ រី​​ឯ​ជ​ន​រង​គ្រោះឈ្មោះ ក ស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ប៉ុន្តែបច្ចុប្បន្ន​នាងបានមកធ្វើការ និងស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុ។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិកចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AK-5034 (របស់ជន​សង័្សយ)។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសិត្បូ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្ដតាមនីតិវិធី៕