ភ្នំពេញៈ យុវជនម្នាក់​កើតមានអារម្មណ៍ចង់រួមភេទ ក៏ជិះម៉ូតូទៅរកនាងៗ នៅម្ដុំវត្តភ្នំ ក៏ត្រូវជន​សង័្សយ​មួយក្រុមវាយប្លន់យកទូរស័ព្ទដៃ ហើយរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ស្រាវជ្រាវ រហូតឃាត់ខ្លួន២នាក់ កាលពីវេលាម៉ោង៩ និង​៣០​នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវរង្វង់មូលខាងជើងរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ជ័យ សាន់ ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ស្រ្តីរកស៊ីផ្លូវភេទ) មានលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ សុន ធីវីរ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំភីហ្សា មានលំនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានបន្ដថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងទៅរកនារីបម្រើផ្លូវភេទ នៅម្ដុំវត្តភ្នំ។ លុះពេលគេទៅដល់ទីនោះបាន​ជួបនឹងជនសង័្សយ ឈ្មោះ ហម ចាន់ណារី ហើយទាក់ទងគ្នាសុំលេខទូរស័ព្ទពីជនសង្ស័យម្នាក់នេះ។ ភ្លាមៗនោះ ជនរងគ្រោះបានហុចទូរស័ព្ទដៃឲ្យជនសង័្សយកត់លេខឲ្យ ស្រាប់តែជនសង្ស័យបានយកទូរស័ព្ទដៃ ម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ របស់ជនរងគ្រោះ រត់ឡើងម៉ូតូបក្ខពួករបស់នាង ដែលនៅក្បែរនោះគេចខ្លួន។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ជនរងគ្រោះបានបើកម៉ូតូ​ដេញ​ដណ្តើមយកទូរស័ព្ទដៃរបស់ខ្លួនមកវិញ។ ប៉ុន្តែក្រុមជនសង្ស័យឈ្មោះ ជ័យ សាន់ឌី និងបក្ខពួក២នាក់ទៀត បានស្ទុះមកវាយជនរងគ្រោះ ហើយយកទូរស័ព្ទដៃនោះគេចខ្លួនបាត់។ ភ្លាមៗនេះ ជនរងគ្រោះ​បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកជនរងគ្រោះដើរតាមស្រាវជ្រាវ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមនឹងទូរស័ព្ទរបស់ជនរងគ្រោះ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕