ភ្នំពេញ៖ ស្ត្រីមានកូនមួយទៅហើយលួចទាក់ទងជាមួយប្រុសថ្មីជិត២ខែ មានជម្លោះជាមួយប្តីបានទៅសុំលែងលះគ្នា អាជ្ញាធរមិនទាន់សម្រេចឲ្យលែងលះផង គ្រាន់តែឲ្យរស់នៅបែកគ្នាមួយរយៈសិន ស្រាប់តែស្ត្រីនាំប្រុសថ្មីមកដេកក្នុងបន្ទប់ប្តីមកទាន់ចាក់សោពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ខែ តុលាឆ្នាំ២០១៨ នៅបន្ទប់ជួលជាប់តូបលក់បន្លែនៅផ្សារស៊ីនជូរី ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន ។

បុរសជាប្តីមានឈ្មោះ ខាំង ម៉ាប់ អាយុ៣០ឆ្នាំ មុខរបរ លក់បន្លែជាមួយប្រពន្ធមានឈ្មោះ គន្ធី ស្រីមុំ អាយុ២៣ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារស៊ីនជូរី ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន មានស្រុកកំណើតនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកប្រុសជាសហាយ ឈ្មោះ សល់ សាល អាយុ ២៤ឆ្នាំ មុខរបរដឹកទឹកកក ស្នាក់នៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នាដែរ ។

តាមប្រភពព័ត៌មានពីបុរសជាប្តី បាននិយាយថា រូបគាត់នឹងប្រពន្ធរបស់គាត់ បានរៀបការតាមប្រពៃណីត្រឹមត្រូវរយៈជាង៣ឆ្នាំមកហើយ បង្កើតបានកូនប្រុសម្នាក់អាយុជាងមួយខួប ។ នៅមុនពេលភ្ជុំបិណ្ឌ ប្រមាណ៦ថ្ងៃគាត់បានដឹងថាស្ត្រីជាប្រពន្ធរបស់គាត់ បានទាក់ទងជាមួយបុរសខាងលើ ដោយនិយាយតាមទូរស័ព្ទ ហើយក៏មានជំលោះជាមួយគ្នាតិចតួច បន្ទាប់មកមុនថ្ងៃកើតហេតុ៥ថ្ងៃ មានការឈ្លោះប្រកែកគ្នាម្តងទៀត ក៏បាននាំគ្នាទៅសង្កាត់ ដើម្បីសុំលែងលះគ្នា ហើយចៅសង្កាត់ មិនអនុញ្ញាតិឲ្យលែងលះគ្នាភ្លាមៗនោះទេ ដោយឲ្យពួកគាត់ទាំងពីរនាក់បែកគ្នាមួយរយៈសិន ហើយបន្ទាប់មក រូបគាត់បានទៅនៅជាមួយបងប្រុសរបស់គាត់នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានបន្តទៀតថា នៅម៉ោងកើតហេតុ គាត់បានទៅមើលបងស្រីរបស់គាត់ទៅសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយគាត់ក៏បាន
ឈៀងចូលផ្ទះគាត់ ។ នៅពេលទៅដល់ផ្ទះ មានការសង្ស័យព្រោះជារៀងរាល់ថ្ងៃ ប្រពន្ធរបស់គាត់ដេកយប់តែងបើកភ្លើង ហើយនៅយប់ហ្នឹងម្តេចក៏ដេកបិទភ្លើង? បន្ទាប់មកគាត់បានបើកទូរស័ព្ទលួចមើលតាមបង្អួច ស្រាប់តែឃើញ ប្រពន្ធរបស់គាត់កំពុងដេកជាមួយប្រុសសហាយ ដោយឲ្យកូនប្រុសតូចរបស់គាត់ដេកនៅអែបខាង ។ ពេលឃើញបែបនេះហើយ គាត់បានចាក់សោពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ។

បើតាមសំដីស្ត្រីជាប្រពន្ធបាននិយាយប្រាប់ថា រូបគាត់មានទំនាក់ទំនងស្នេហាជាមួយសហាយរបស់គាត់ជិត២ខែមកហើយ តែបុរសជាសហាយខាងលើទើបទំនាក់ទំនងស៊ីជំរៅ បាន២លើកប៉ុណ្ណោះ គឺមុនថ្ងៃកើតហេតុចំនួន៥ថ្ងៃ បានរួមរ័កបានម្តង និងថ្ងៃកើតហេតុមិនទាន់បានរួមរ័កទេ ព្រោះគាត់មិនសូវស្រួលខ្លួន។

ចំណែកបុរសជាសហាយ បាននិយាយប្រាប់ថា រូបគាត់ជាម៉ូយទឹកកកជាមួយនារីខាងលើនេះ តែមិនទាន់បានស៊ីជំរៅនោះឡើយ នៅថ្ងៃកើតហេតុ ស្ត្រីខាងលើបានទូរស័ព្ទហៅឲ្យមកមើលគាត់ថាមិនសូវស្រួលខ្លួន រឿងអ្វីផ្សេងពុំមានឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនស្ត្រីនិងសហាយយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី១ និងទទួលបណ្តឹងពីបុរសជាប្តី បន្ទាប់មកស្ត្រីផិតប្តី និងសហាយត្រូវបានសមត្ថកិច្ចឃុំឃាំង បណ្តោះអាសន្នសិន ៕