ហ្វេសប៊ុក៖ ថ្មីៗនេះម្ចាស់ទីតាំងសាឡនមួយកន្លែង ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sy Seven បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «តោះ ចុះឈ្មោះចូលរៀនឥឡូវនេះនឹងទទួលបានស្តាយ៍ផាត់មុខនឹងធ្វើសក់បែបទាន់សម័យក្មេងជាងវ័យ តែមិនមែនបែបរោងចក្រ» ដែលការបង្ហោះនេះបានរងនូវការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនទៀត ដោយពួកគេបានលើកឡើងថា ការសរសេរនេះហាក់ដូចជាមើលងាយអ្នកធ្វើការរោងចក្រពេកហើយ ។

យ៉ាងណាមិញ ក្រោយពីមានការរិះគន់ ព្រមទាំងពាក្យជេរប្រទេចផងនោះ ម្ចាស់គណនីហ្វេសប៊ុក Sy Seven ក៏បានចេញមុខបង្ហោះវីដេអូសូមទោសជាសាធារណៈដោយព្រមទទួលស្គាល់កំហុសរបស់ខ្លួន ថាពុំបានគិតឱ្យបានហ្មត់ចត់ និងអចនា ហើយក៏សូមឱ្យអ្នកលេងហ្វេសប៊ុកទាំងអស់មេត្តាលើកលែងទោសឱ្យខ្លួនផង ។

សូមបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក Sy Seven ត្រូវបានគេស្គាល់ច្រើននាពេលកន្លងមកដោយសារស្នាដៃផាត់មុខដ៏ស្រស់ស្អាតរបស់គាត់ ហើយក្នុងនោះក៏មានការគាំទ្រពីសំណាក់តារាល្បីៗផងដែរ ៕
សហការី KBN
ប្រភព៖ FB: Sy Seven