ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៩១​នាក់ ក្នុង​មាន​ស្រី​២១​នាក់ ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) និង​លក់​ផលិតផល​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ចាប់​ប​ញ្ជូន​តាម​ជើង​យន្តហោះ​ពិសេស​របស់​ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ប្រទេស​ចិន ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​អាកាស​យាន្ត​អន្តរជាតិ​ភ្នំពេញ ។

ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ចិន ដែល​មក​ទទួល​មាន​ចំនួន​១៨២​នាក់ ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ចិន​វិញ គឺ​តាម​ជើង​យន្តហោះ​ពិសេស​ប្រភេទ A330 (​ជើង​យន្តហោះ​លេខ CZ3001/CZ3002) ។

សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក ហៃ សិលា បាន​ប្រាប់​អ្នក​សារព័ត៌មាន ថា ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៩១​នាក់​នេះ បាន​ធ្វើ​ឡើង កាលពីអំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ទីតាំង​ផ្សេង​គ្នា ក្នុង​ខេត្តកំពត រួម​ទាំង​កា​ស៊ី​ផង​ដែរ ។

លោក​បាន​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​នៃ​ប្រទេស​កម្ពុជា​បាន​សហ​ការណ៍​ជាមួយ និង​កម្លាំង​សមត្ថកិច្ច​ចិន និង​អនុវត្ត​តាម​សាលដីការបស់​សមត្ថកិច្ច​ចិន ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រីទាំងអស់​ជា​បន្តបន្ទាប់ រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៨ នេះ​ដើម្បី​ប​ញ្ចូ​ន​ទៅ​ប្រទេស​ចិន​វិញ និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ​នៃ​ប្រទេស​ចិន ៕