ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបង្កើតនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា «Munny Care Program» ជាកម្មវិធីនិងជាកិច្ចការទំនួលខុសត្រូវមួយរបស់សង្គម។ Munny Care Program គឺជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងដើម្បីជួយសិស្សានុសិស្សចាប់តាំងពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដែលមានសមត្ថភាពពូកែ​និងកំពុង​ជួប​បញ្ហានូវជីវភាពខ្វះខាត និងសម្ភារៈក្នុងការរៀនសូត្រសម្រាប់បវេសនកាលឆ្នាំថ្មី។

នេះគឺជាការបន្តសកម្មភាពថ្មីមួយទៀតរបស់ក្រុមហ៊ុនមិត្តហ្វូនជាមួយនឹងទស្សនៈវិស្ស័យ “អ្នកយកចិត្តទុកដាក់ – និងច្នៃប្រឌិតខ្ពស់” សំដៅទៅលើប្រជាជនដែលកំពុងខ្វះខាតព្រ​មទាំងតម្រូវការ នៅគ្រប់ទូទាំងកន្លែងនៃប្រទេសកម្ពុជា។ កម្មវិធីនេះបានជួយការគាំទ្រការសិក្សារ​បស់សិស្សានុ​សិស្សនិងកាត់បន្ថយការចំណាយមួយចំនួនរបស់ក្រុមគ្រួសាររបស់ពួកគេ និងបានជំរុញឱ្យអាណាព្យាបាលកាន់តែមានទឹកចិត្តក្នុងការអនុញ្ញាតិឱ្យបុត្រធីតារបស់ពួកគេអាចបន្តការរៀនសូត្រចប់ចុងចប់ដើមបានដោយជោគជ័យផងដែរ។ ជាក់​ស្តែងកាល​ពីពេល​ថ្មីៗនេះសាខាក្រុមហ៊ុនមិត្តហ្វូននៃខេត្តបាត់ដំបង ស្វាយរៀង ស្ទឹងត្រែង និងបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តន៍កម្មវិធីនេះជាបណ្តើរៗហើយ ហើយបន្តិចទៀត​កម្មវិធីនេះ​នឹងទៅ​ដល់​គ្រប់់ភូមិ ឃុំ ស្រុកនៃខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «តាំងពីមិត្តហ្វូនមានវត្តមាននៅលើទីផ្សារ យើងបានចូលរួមសកម្មភាពកិច្ច​ការទំនួលខុស​ត្រូវសង្គម​ជា​ច្រើន ហើយនេះគឺជាកម្មវិធីថ្មីមួយទៀតរបស់ក្រុមហ៊ុនដែលបានបន្តបេសកកម្មនិងទស្សនៈវិស្ស័យរបស់យើង។ ការយកចិត្តទុកដាក់និ​ងបារម្ភចំពោះសិស្សា​នុសិស្សដែល​មាន​សមត្ថភាព​គឺ​ជា​រឿងដែលមិនអាចមើលរំលងបាន ហេតុដូចនេះទើបយើងបង្កើតកម្មវិធីនេះឡើងនៅទូទាំងប្រទេស»។

លោក អាដាំ បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងព្រឹត្តិការណ៍នៃក្រុមហ៊ុនមិត្តហ្វូនបានបន្ថែមថា«ការដាក់ឈ្មោះកម្មវិធី «Munny Care Program» នេះគឺធ្វើឡើង​តាមរយៈ​ម៉ាស្កុតតំណាងក្រុមហ៊ុនរបស់យើងដែលបានប្រកាសជាផ្លូវការកាលពីខែឧសភាកន្លងទៅ។ យើងជាក្រុមហ៊ុនមិត្តហ្វូន សូមធានារក្សានូវតម្លៃ​និងការគាំទ្រដ៏ល្អបំផុតដល់​អតិថិជ​នរ​បស់យើង ជាពិសេសប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា»។
នៅក្នុងកម្មវិធី Munny Care Program នេះក្រុមហ៊ុនមិត្តហ្វូនក៏បានធ្វើការផ្តល់ជូននូវ កង់មួយគ្រឿង កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ទៅដល់សិស្សានុសិស្ស ព្រមទាំង​បាន​ធ្វើ​ការលើកទឹកចិត្តពួកគេឲ្យបន្តការសិក្សាដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអានាគត។ តាមរយៈកម្មវិធីនេះក្រុមហ៊ុនមិត្តហ្វូនបានប្រកាសថា ខ្លួនបានចំនាយអស់ប្រមាណ ១០០.០០០ ដុល្លារអាមេរិកដើម្បីចាប់ផ្តើមយុទ្ធនាការមួយនេះនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់សកម្មភាពនិងកម្មវិធីមួយចំនួនរបស់ Munny Care Progam លោកអ្នកអាចចូលទៅតាមដាននៅលើទំព័រហ្វសប៊ុករបស់មិត្តហ្វូនតាមរយៈ facebook.com/Metfone.closer។