ភ្នំពេញ ៖ ជា​លទ្ធផល នៃ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់ លោក មូល ស៊ុ​យ​ហេង បន្ត​ជា​នាយក​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ តែ​លោក​ត្រូវ​សង​ថវិការដ្ឋ ដែល​បាន​បាត់បង់ និង​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មាន​៩០​បន្ទប់រៀន លោកគ្រូ​អ្នកគ្រូ​បង្រៀន​មាន​ចំនួន​២៣១​នាក់ (​ស្ត្រី​៨៣​នាក់​) ។ គ្រូ​ៗ ដែល​បាន​ចូលរួម​បោះ​ឆ្នោត កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ មាន​ចំនួន​តែ​១៥១​នាក់​ប៉ុណ្ណោះ ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពី​មតិយោបល់​របស់​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រួម​មាន ៖

-​ជម្រើស​ទី​១ ៖ ឯកភាព​តាម​ចំណាត់ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្លាស់ លោក មូល ស៊ុ​យ​ហេង ជានា​យក​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ ទៅ​បំរើ​ការងារ​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ។ ក្រសួង​នឹង​រៀបចំ​ជ្រើសរើស​នាយក​ថ្មី ក្នុង​ចំណោម​នាយករង នាយិកា​រង និង​លោកគ្រូ អ្នកគ្រូ​។ ក្រសួង​អប់រំ យុវជន និង​កីឡា និង​បង្កើត​ក្រុមប្រឹក្សាភិបាល និង​កែ​លម្អ​បរិស្ថាន​សាលារៀន​។

ជា​លទ្ធផល មាន​សំឡេង​គ្រូបង្រៀន​៥៤ បាន​បោះ​ឆ្នោត​ជ្រើស​យក​ជម្រើស​ទី​១​នេះ ។ ក្រៅពី​នឹង ៩៧សំឡេង​ ភាគច្រើន ជ្រើស​យក​ជម្រើស​ទី​២ ។

-​ជម្រើស​ទី​២ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា អាច​នឹង​រក្សា​ទុក​លោក​មូល​ស៊ុ​យ​ហេង ជានា​យក​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ​ដដែល តែ​លោក​មូល​ស៊ុ​យ​ហេង ត្រូវ​សង​ថវិការដ្ឋ ដែល​បាន​បាត់បង់ និង​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។

សូម​រម្លឹក​ថា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ជួប​ប្រជុំ​ដោះស្រាយ​បញ្ហា ការ​បាតុកម្ម​របស់​គ្រូបង្រៀន និង​សិស្សសាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នៅ​សាល​ប្រជុំ​ធំ​របស់​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ។

បើ​តាម​លោក ហង់ ជួនណា​រ៉ុ​ន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ នឹង​មានការ​បោះ​ឆ្នោត​ជា​សម្ងាត់ ដើម្បី​ឲ្យ​មានការ​សម្រេច​ថា តើ​ចង់​រក្សា​ទុក​នាយក​នៃ​សាលា​នេះ ឬ​ត្រូវ​ដូរ​ចេញ ?

គួរ​ជម្រាប​ថា ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨ លោកគ្រូ​-​អ្នកគ្រូ​បង្រៀន និង​សិស្ស​ជាង​២០០​នាក់ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ បាន​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម លើក​បដា​តវ៉ា​នៅ​មាត់​ច្រកចូល​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ជំទាស់​នឹង​ការ​ដក​លោកគ្រូ មូល ស៊ុ​យ​ហេង ចេញពី​នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ព្រមទាំង​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រោម​ហេតុផល​ថា កម្មវិធី​នេះ​នាំ​ឲ្យ​មានការ​បែងចែក​រវាង​គ្រូ និង​គ្រូ សិស្ស និង​សិស្ស ។

ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ បាន​ប្រាប់​អោយ​ដឹង​ថា គោលបំណង​របស់​សាលារៀន​ជំនាន់​ថ្មី គឺ​ការ​បង្កើត​សាលា​រដ្ឋ ដែល​រក្សា​បាន​ស្តង់ដារ នៃ​ការ​អប់រំ​បាន​ខ្ពង់ខ្ពស់​បំផុត តាម​រយៈ​ការ​វិនិយោគ​ថវិកា​ច្រើន និង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​តម្លាភាព និង​ទទួលខុសត្រូវ​ដោយ​ការ​ផ្លាស់​ប្តូរ​វិធី​គ្រប់គ្រង​សាលា ។ ព្រោះថា ប្រសិនបើ​មិន​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សាលារៀន​ទេ​នោះ សម្ភារ​បរិក្ខារ ដូច​ជា​បន្ទប់​ពិសោធ​វិទ្យាសាស្ដ្រ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​អស់ពី​សមត្ថភាព​ទេ ពីព្រោះ​គ្រូបង្រៀន​រវល់​តែ​ស្វិតស្វាញ​ក្នុង​ការ​បង្រៀន​គួរ​យក​លុយ​ក្រៅ​ម៉ោង​វិញ និង​មាន​ភាព​លម្អៀង​ទៅ​លើ​សិស្ស​រៀន​គួរ​ជាង​សិស្ស​ដែល​មិន​មាន​លុយ​រៀន​គួរ ជាដើម ៕