ថៃ៖ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទាហ៊ានថៃបានចាប់ខ្លួនជនជាតិខ្មែរម្នាក់ ដែលបានចូលទៅកាប់ឈើក្រញូងខុសច្បាប់នៅក្នុងឧទ្យានជាតិផាបឡាន ខេត្តនគររាជសីម៉ា ប្រទេសថៃ ។

ប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា ខណៈពេលដែលក្រុមទាហ៊ាថៃដើរល្បាតនៅក្នុងទីតាំងភូមិសាស្ត្រខាងលើ បានប្រទះឃើញជនជាតិខ្មែរមួយក្រុម ដើរឆ្លងកាត់ ព្រមទាំងមានកាន់នូវឧបរណ៍សម្រាប់កាប់ឈើផងដែរ ។

ពេលនោះទាហ៊ានថៃបានដើរចូលទៅពិនិត្យមើល ស្រាប់តែគ្រាន់តែក្រឡេកឃើញទាហ៊ានថៃ ជនជាតិខ្មែរទាំងនោះបានចែកជើងគ្នារត់ចូលព្រៃតែម្ដង ។
យ៉ាងណាមិញ ក៏មានការរត់ដេញចាប់ប្រសេចប្រសាចពេញព្រៃ រហូតដល់ចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ រស់ ភិន អាយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង ។ ក្នុងនោះបានដកហូតភ័ស្ដុតាងមានឈឺក្រញូងចំនួន ៤៨បន្ទះ ។

តាមការសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ពួកគេមានបក្ខពួកទាំងអស់ ៣០នាក់ ក្នុងនោះមានជនជាតិថៃ ២នាក់ ជាអ្នកនាំផ្លូវចូលក្នុងឧទ្យាន គិតមកទល់ពេលចាប់ខ្លួននេះមានរយៈពេល ២ថ្ងៃហើយ ។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅដោះស្រាយបន្តតាមច្បាប់ ចំណែកបក្ខពួកដែលរត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ៕
សហការី KBN
ប្រភព៖ posttoday