ព្រះ​សីហ​នុ ៖ ប្រភព​ច្បាស់​ការណ៍​ពី​ក្នុង​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​អោយ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ក្រុម​ត្រួតពិនិត្យ​នេះ ដឹកនាំ​ដោយ​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ទៅ​ដល់ទី​តាំង​ចាក់​ដី​ចូល​ឆ្នេរ​ព្រែក​ត្រែង ក្នុង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ព្រំប្រទល់​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។

ប្រភព​ពី​ក្នុង​សាលាខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួងទេសចរណ៍ និង​ក្រសួងបរិស្ថាន បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ចាក់​ដី​ចូល​ឆ្នេរ​ព្រែក​ត្រែង ។

ប្រសិនបើ​រក​ឃើញ​ថា ពិតជា​ល្មើសច្បាប់​មែន​នោះ រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​ចំនួន​២​រូប អះអាង​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ទៅ​លើ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ខ្សាច់​ដ៏​ស្រស់​ស្អាត ដោយ​បំពាន​ច្បាប់ ស្ដី​ពី​ការ​គ្រប់គ្រង​តំបន់ឆ្នេររបស់​កម្ពុជា​ ។

កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ម្សិលមិញ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា «​ករណី​ចាក់​ដី​ចូល​តំបន់ឆ្នេរ​សមុទ្រ​ព្រែក​ត្រែង​នោះ ក្រសួង​នឹង​ចាត់វិធានការ​នៅ ពេល​ខាង​មុខ​នេះ​» ។ «​សូម​រង់ចាំ​មើល​នៅ​ថ្ងៃ​ខាង​មុខ ក្រសួង​នឹង​ចាត់វិធានការ​បែប​ណា​នោះ ។ រង់ចាំ​មើល​ទាំងអស់​គ្នា​» ។

ពាក់ព័ន្ធ​ករណី​នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​វិធានការ​របស់​រដ្ឋមន្ត្រី​ទាំង​បី​ក្រសួង​ខាងលើ​នេះ ៕