បរទេសៈ យន្តហោះឈ្លបយកការណ៍របស់កងទ័ពរុស្ស៊ីមួយគ្រឿង រួមនឹងអាកាសយានិក១៤នាក់ បានបាត់ខ្លួន នៅលើភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេ ហើយទូរទស្សន៍ CNN បានរាយការណ៍ថា កងកម្លាំង​ទ័ពប្រឆាំងនឹងយន្តហោះរបស់ស៊ីរី​ បានបាញ់ទម្លាក់យន្តហោះនោះ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ​ថា យន្តហោះ IL-20 បានបាត់ពីរ៉ាដា ចំពេលក្រុមកងទ័ពជើងអាកាស F-16 របស់អ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅ នៅក្នុងខេត្ត Latakia ប្រទេសស៊ីរី។

សេចក្ដីថ្លែងការណ៍ដដែល បានបន្តថា យន្តហោះឈ្លបយកការណ៍ Il-20 របស់កងទ័ពរុស្ស៊ី រួមនឹងអាកាសយានិក បានបាត់ពីប្រព័ន្ធផ្កាយរណប នៅលើសមុទ្រមេឌីទែរ៉ាណេ ដែលមានចម្ងាយប្រហែល​៣៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្របស់រស៊ីរី។ ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលយន្តហោះមួយគ្រឿងនេះត្រូវវិលត្រឡប់ទៅកាន់មូលដ្ឋានអាកាស Hmeimim ។

ទូរទស្សន៍ CNN បានដកស្រង់សម្ដីពីមន្រ្ដីយោធាអាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា យន្ត​ហោះនោះ អាចត្រូវបានបាញ់ទម្លាក់ ដោយកងកាំភ្លើងធំរបស់ស៊ីរី ពីព្រោះយន្តហោះនោះបានបង្ហាញខ្លួនដោយចៃដន្យ។ ឧបទ្ទវហេតុនេះបានកើតឡើង នៅក្នុងអំឡុងពេលមានការវាយប្រហារពីកងទ័ពអាកាសរបស់អ៊ីស្រាអែល ទៅលើទីតាំងមួយចំនួន នៅក្នុងប្រទេសស៊ីរី។ មុនមានហេតុការណ៍បាត់យន្តហោះនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ីរី បានរាយការណ៍ពីការវាយប្រហារអ៊ីស្រាអែល ដែលសង្ស័យទៅលើអាកាស​យានដ្ឋានអន្តរជាតិដាម៉ាស់៕