រតនគិរី៖ នៅក្នុងរយៈពេល៩ខែដើមឆ្នំា២០១៨នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តនៅតំបន់នានាក្នុងខេត្តរតនគិរីមានជាង១៧,៣ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានជាង ១៥ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិមានជាង២ម៉ឺននាក់។នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី។

បើតាមរបាយការណ៍ ចំនួនភ្ញៀវទេសចរសរុបទៅកម្សាន្តនៅក្នុងរយៈពេល៩ខែនេះធ្លាក់ចុះ២.៧៣% ក្នុងនោះភ្ញៀវទេសចរជាតិធ្លាក់ចុះ ប្រមាណ ៤.៣០ បណ្តាលមកពីនៅឆ្នំា២០១៧ ពិធីបុណ្យភ្ជុំបិណ្ឌប្រារព្ធធ្វើក្នុងខែកញ្ញាចំណែកនៅឆ្នំានេះប្រារព្ធនៅខែតុលា។ដោយឡែកចំនួនភ្ញៀវទេចរអន្តរជាតិកើនឡើងប្រមាណ១០.៧៩% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នំា២០១៧។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់មានប្រសាសន៍ថា ៖«ភ្ញៀវទេចរអន្តរជាតិទៅកម្សាន្តនៅតំបន់ អេកូទេសចរណ៍ភូមិភាគឥសា ន្តបន្តមាន ការកើនឡើងដោយសារ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់មានការងាយស្រួល, ការខិតខំផ្សព្វផ្សាយរបស់ក្រសួង រាជរដ្ឋាភិបាលនិងវិស័យឯកជន, កត្តាសុខសន្តិភាពនិង សុវត្ថិភាពធ្វើឱ្យភ្ញៀវមានទំនុកចិត្តពីមួយរដូវទៅមួយរដូវ អាចឱ្យភ្ញៀវបានទៅលេងដល់គោលដៅឆ្ងាយៗបាន»។ó

លោកជំទាវបញ្ជាក់ថា៖«ភូមិភាគឥសាន្តថ្វីត្បិតតែមិនមានប្រាសាទបុរាណឬអ្វីទំនើបទាក់ទាញ ប៉ុន្តែយើងមានសក្តានុពលខ្ពស់ទៅលើធនធានមធ្មជាតិនៅសល់ គឺភ្ញៀវគាត់​មានចំ​ណាប់អារម្មណ៍អ្វីដែលនៅសេសសល់បែបជាធម្មជាតិដូចជាទឹកជ្រុះ ព្រៃឈើ ។យើងមានបែបវប្បធម៌ នៃការរស់នៅពល​រដ្ឋភូមិភាគឦសាន្តនៅសល់ខ្លះទុកគ្រាន់​ឱ្យភ្ញៀវមើល អីចឹងភ្ញៀវគាត់ចាប់អារម្មណ៍។ដូចនេះប្រសិនយើងចេះផ្សព្វផ្សាយឱ្យកាន់តែខ្លំាង ចេះថែរក្សានូវវប្បធម៌បែបភូមិភាគឥសាន្តនេះ គឺកាន់តែមានការទាក់ទាញខ្លំាង មិនថាភ្ញៀវទេចរអឺរ៉ុប​ទេ សូម្បីតែភ្ញៀវអាស៊ានចិនក៏មានការចាប់អារម្មណ៍ដែរ»។

តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តរតនគិរីបង្ហាញថា ខេត្តរតនគិរី ជាតំបន់អេកូទេសចរណ៍ សម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រលងដងអូរ ដែលបង្កើតឱ្យមានតំ​បន់ទេសចរណ៍​ធម្មជាតិ​និងជាតំបន់ទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ជាច្រើនកន្លែងដូចជា បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកជួរតាតតៃ ,ទឹកធ្លាក់អូរស៊ិនលែរ៍, ភូមិវប្បធម៌ជនជាតិដើមភាគតិច(ស្ថិតនៅឃុំកាចូន ស្រុកវើនសៃ និងភូមិតងណងឡិៈ ឃុំអូរជុំ ស្រុកអូរជុំ) ពិសេសតំបន់ទេសចរណ៍បរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល តំបន់ឧទ្យាន​ជាតិវីរៈជ័យដែលមានផ្ទៃដីប្រមាណជាង៣៣ម៉ឺនហិកតា និងដែនជម្រកសត្វព្រៃលំផាត់មានទំហំផ្ទៃដីជាង២៥ម៉ឺនហិកតា៕ប្រភពមន្ទីរទេសចរណ៍រតនគិរី​