ខេត្តកណ្តាល៖ កូនកំលោះក្រុមុំ២នាក់ បានដឹកដៃគ្នាចូលរោងការ ស្រាប់តែសម្រាលកូន ទាំងពេលកំពុង​ក្រាបផ្ទឹម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិកូនគ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា កូនក្រមុំដែលសម្រាលកូន ក្នុងថ្ងៃរៀបការនោះ ឈ្មោះ ម៉ាច ខ្លី ហៅស្រីមុំ អាយុ២១ឆ្នាំ មុខរបរជាអ្នកប៉ាក់ឌិនខោអាវ និងកូនកំលោះ ឈ្មោះ ខាន់ មករា អាយុ២០ឆ្នាំ មុខរបរជាជាងផ្សារដែក មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

បើតាមសម្ដីរបស់កូនកំលោះ ខាន់ មករា បានរៀបរាប់ប្រាប់ថា រូបគេគឺជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២)។ កាលពីក្មេង រូបគេមិនបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេទេ គឺរៀនបានត្រឹម​តែថ្នាក់ទី៧ ក៏ឈប់រៀន ងាកទៅស៊ីឈ្នួលធ្វើជាជាងដែកឱ្យគេ នៅឯរាជធានីភ្នំពេញ។ លុះមកដល់ឆ្នាំ​២០១៦កន្លងទៅ រូបគេបានជួប និងស្គាល់គ្នាជាមួយកូនក្រមុំ ឈ្មោះ ម៉ាច ខ្លី ហៅស្រីមុំ ដែលកាល​ណោះ​ នាងបានទៅស៊ីឈ្នួលឌិនប៉ាក់ខោអាវឱ្យគេ នៅភ្នំពេញដែរ។

កូនកំលោះខាងលើ បាននិយាយបន្ដទៀតថា បន្ទាប់ពីបានស្គាល់ និងរាប់អានគ្នាយូរៗទៅ ពួគេក៏បានចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមក រហូតឈានដល់ស៊ីជម្រៅ ដឹកដៃគ្នាឡើងផ្ទះសំណាក់ ក្រេបរសជាតិទឹកឃុំ នាគ្រាដំបូង។ លុះក្រោយមក ពួកគេក៏ចេះតែបានរួមស្នេហ៍នឹងគ្នាជាញឹកញាប់ ដោយព្យាយាមលាក់បាំង មិនឱ្យឪពុកម្តាយទាំងសងខាងដឹងនោះឡើយ។

កូនកំលោះដដែល​ បានបន្តថា ក្រោយមក ស្រីស្នេហ៍របស់ខ្លួនបានប្រាប់រូបគេថា នាងមានផ្ទៃពោះហើយ ទើបពួកគេទាំង២នាក់ ដាច់ចិត្តទម្លាយរឿងនេះ ប្រាប់ឪពុកម្តាយទាំងសងខាងឱ្យបានដឹង។ ចំណែកឪពុកម្តាយទាំងសងខាង ក៏មិនបានប្រកាន់ខឹងអ្វីវែងឆ្ងាយដែរ ពីព្រោះអង្ករបានក្លាយទៅជាបាយរួចទៅហើយ។ បន្ទាប់មកពួកគាត់ទាំងសងខាងបាននាំគ្នាពិភាក្សា រើសពេលា និងកំណត់ថ្ងៃរៀបការឱ្យពួកគេទាំង២នាក់ ដោយសម្រេចយក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃមង្គល។

កូនកំលោះ បានបន្តថា លុះថ្ងៃមង្គលការចូលមកដល់ គឺត្រូវនឹងព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃចូលរោងការ ស្រាប់តែកូនក្រមុំចាប់ផ្តើមឈឺពោះ បែកទឹកភ្លោះ ធ្វើឱ្យសាច់ញាតិទាំងសងខាង មានការភ្ញាក់ផ្អើល រត់ខ្វែងដៃជើងគ្នា ប្រញាប់ដឹកបញ្ជូនកូនក្រមុំទៅកាន់មណ្ឌលសុខភាពព្រែកអំបិល១ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសម្រាល។ បន្ទាប់ពីទៅដល់មន្ទីរពេទ្យភ្លាម ប្រពន្ធរបស់គេក៏បានសម្រាលបានកូនស្រីម្នាក់ មានទម្ងន់ជាង៣គីឡូក្រាម ហើយទាំងម្ដាយ និងកូនមានសុខភាពល្អជាធម្មតា។ ដោយឡែកពិធីមង្គលការ នៅឯផ្ទះ ត្រូវសម្រេចឱ្យម្តាយ និងឪពុកបង្កើតរបស់ខ្លួន ធ្វើជាកូនកំលោះ ក្រាបសំពះផ្ទឹមរៀបការ និងទទួលភ្ញៀវជំនួសកូនកំលោះក្រមុំវិញ។

អ្នកស្រី ម៉ៅ សារ៉េត អាយុ៥៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់កូនក្រមុំ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់មិនបានដឹងថា កូនក្រមុំរបស់គាត់មានផ្ទៃពោះទេ ពីព្រោះនាងបានចេញទៅធ្វើការ នៅឯភ្នំពេញតាំងពីឆ្នាំ២០១៦មកម៉្លេះ។ លុះពេលនាងមានផ្ទៃពោះធំទៅហើយ ទើបនាងដឹកដៃកំលោះឈ្មោះ ខាន់ មករា មកក្រាបសំពះសុំទោសគាត់ ធ្វើឱ្យគាត់ស្ទើរគាំងបេះដូងដែរ។ ប៉ុន្តែអង្ករបានក្លាយទៅជាបាយទៅហើយ ហើយយើងជាចាស់ទុំទាំងសងខាង ក៏ព្រមបើកចិត្តទទួល មិនបំបែកបំបាក់សត្វលោកនោះទេ។

អ្នកស្រីបានបន្តថា បន្ទាប់មក ខាងខ្ញុំបាននាំគ្នាទៅពិភាក្សាជាមួយឪពុកម្តាយខាងប្រុស ហើយគ្រួសារទាំងសងខាង សុទ្ធតែមានជីវភាពក្រីក្រដូចគ្នា។ ប៉ុន្តែចុងក្រោយ ភាគីទាំងសងខាងបានសម្របសម្រួល ព្រមព្រៀងគ្នាផ្សំផ្គុំកូនទាំង២ ឱ្យបានគ្នាជាប្តីប្រពន្ធ ដោយជ្រើសយកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨ ជាថ្ងៃមង្គលការរបស់ពួកគេ។ ប៉ុន្តែគាត់មិនដឹងថា កូនស្រីរបស់គាត់ច្រឡំថ្ងៃខែ កូនក្នុងផ្ទៃយ៉ាងម៉េចមិនដឹងទេ បែរជាមកសម្រាលកូនក្នុងថ្ងៃមង្គលការបែបនេះទៅវិញ។

ដោយឡែកលោកយ៉ឺន លក និងអ្នកស្រី ម៉ិច ស ត្រូវជាឪពុកម្តាយបង្កើតរបស់កូនកំលោះ បានឱ្យដឹងថា ពួកគាត់មានកូនទាំងអស់៤នាក់ (ប្រុស២ ស្រី២) ចំណែកកូនប្រុសដែលរៀបការ ហើយប្រពន្ធ ឆ្លងទន្លេ ចំថ្ងៃក្រាបផ្ទឹមនេះ គឺជាកូនទី២ នៅក្នុងគ្រួសារ។ ជីវភាពគ្រួសារគាត់មានភាពទីទ័លក្រខ្លាំងណាស់ ដោយប្តីប្រកបរបរជាកសិករ និងប្រពន្ធដើរស៊ីឈ្នួលបោចស្មៅឱ្យគេ។

ឪពុកម្ដាយរបស់កូនកំលោះ បានបន្ដថា ក្រោយមកពេលដែលកូនប្រុសមកប្រាប់ថា គេបានធ្វើឱ្យកូនក្រមុំគេម្នាក់មានផ្ទៃពោះទៅហើយ ធ្វើឱ្យពួកគាត់ចង់ស្រឡាំងកាំង ចង់ហាមាត់ស្តីបន្ទោសកូនប្រុស ក៏ហាមិនរួចដែរ ណាមួយគិតថា កូនគេកូនយើង ធ្វើម៉េចបើជ្រុលជ្រួលទៅហើយ សំខាន់ឱ្យតែស្រលាញ់គ្នា ទើប​ពួកគាត់សម្រេចចិត្តិរៀបចំពិធីមង្គលការឱ្យពួកគេទាំង២នាក់ ដោយគ្មានលុយក្នុងខ្លួននោះទេ ពោលគឺចងការប្រាក់គេចំនួន១៥០០ដុល្លារ យកមករៀបការឱ្យកូន ដោយរៀបចំហៅភ្ញៀវចំនួន៣០តុ។

ឪពុកម្តាយកូនកំលោះ បានបន្តថា ស្រាប់តែមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃចូលរោងជ័យ កូនក្រមុំដែលកំពុងពពោះប៉ុនកញ្ជើនោះ ស្រាប់តែបែកទឹកភ្លោះ ឈឺពោះសម្រាល ទើបប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ សម្រាលបានកូនស្រីម្នាក់ ធ្វើឱ្យទាំងសាច់ញាតិទាំងសងខាង ទាំងអ្នកស្រុកភូមិ ទាំងភ្ញៀវចូលរួចសុទ្ធតែស្រឡាំងកាំងគ្រប់គ្នា។

ក្រោយមកដើម្បីកុំឱ្យពិធីមង្គលការមួយនេះ ត្រូវរំសាយទៅវិញ ដោយឥតប្រយោជន៍ ទើបតាអាចារ្យ និងសាច់ញាតិ បានចាប់ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ឱ្យចូលខ្លួនមកធ្វើកូនកំលោះ ក្រមុំ ក្រាបសំពះផ្ទឹមរៀបការជំនួសកូនប្រុស និងកូនប្រសាស្រីតែម្តង ធ្វើឱ្យពិធីមង្គលការទាំងមូលប្រព្រឹត្តទៅដោយរលូន រហូតដល់ពិធីទទួលភ្ញៀវ ចូលមកពិសាភោជនាហារ យ៉ាងសប្បាយក្អាកក្អាយ ដោយគ្រាន់តែតួអង្គកូនកំលោះក្រមុំពិតប្រាកដ មិនអាចចូលរួមបានឡើយ ព្រោះសរសៃខ្ចី ឈរទទួលភ្ញៀវមិនកើត។

លោកសួស ប៊ុនលី អាយុ៥២ឆ្នាំ ដែលជាភ្ញៀវមកចូលរួមពិធីមង្គលការខាងលើដែរនោះ បានរៀបរាប់ទាំងហួសចិត្តប្រាប់ថា លោកគឺជាភ្ញៀវម្នាក់ ដែលត្រូវគេអញ្ជើញឱ្យមកចូលរួមពិធីមង្គលការមួយនេះ ហើយលោកមិនបានដឹងសោះថាកូនក្រមុំមានផ្ទៃពោះ លុះដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គ្រាដែលលោកបានចូលមកដល់ក្នុងរោងការ ស្រាប់តែប្រទះឃើញកូនក្រមុំមានផ្ទៃពោះប៉ុនកញ្ជើទៅហើយ លុះសួរនាំ ទើបដឹងថា ប្តីប្រពន្ធ១គូនេះ ទុំមុនស្រគាល និងធ្វើឱ្យគាត់នឹកគិតក្នុងចិត្តលេងៗថា បើកូនក្រមុំមានផ្ទៃពោះធំម្លឹងៗ ចុះបើសម្រាលកូនថ្ងៃរៀបការ មិនរត់ជាន់ជើងគ្នាទៅហើយ ស្រាប់តែមិនទាន់បានអីផង កូនក្រមុំក៏ចាប់ផ្តើមឈឺពោះ បែកទឹកភ្លោះ និងត្រូវគេប្រញាប់បញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាពព្រែកអំបិល១ ប្រកបដោយជោគជ័យ ទាំងម្តាយ និងកូនស្រី។

ដោយឡែក ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពព្រែកអំបិល១ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជិត៧ព្រឹក ក្រុមគ្រូពេទ្យបានទទួលស្ត្រីមានផ្ទៃពោះម្នាក់ចូលមកសម្រាល ដោយមិនដឹងថា ជាកូនក្រមុំអ្វីនោះទេ។ បន្ទាប់មកក្រុមគ្រូពេទ្យ បាន ជួយសម្រាលឱ្យស្ត្រីខាងលើ រហូតបានកូនស្រីម្នាក់ ដែលមានសុខភាពល្អធម្មតា ចំណែកស្ត្រីជាម្តាយក៏មានសុវត្ថិភាព។ ស្រាប់តែសម្រាលរួច ទើបមានការភ្ញាក់ផ្អើល ដឹងថា តាមពិតស្ត្រីម្នាក់នេះគឺជាកូនក្រមុំ ដែលត្រូវសំពះផ្ទឹមថ្ងៃនេះ តែមិនទាន់ដល់វេលាផង ក៏ឈឺពោះសម្រាលបានកូនស្រីមួយតែម្តង។ យ៉ាងណាក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ សង្គ្រោះទាំងម្តាយទាំងកូនរហូតដល់មានសុវត្ថិភាពទាំងអស់គ្នាហើយ៕