​ភ្នំពេញ៖ ជនជាតិកូរ៉េ២នាក់ឪពុក និងកូន បានរងនូវការចោទប្រកនា់ពីបទ ឆបោក និងលួចលុយពីក្រុមហ៊ុនចិនមួយ មានទឹកប្រាក់ប្រហែលជិត៩លានដុល្លារសហរដ្ឋអាមេរិក ក៏ត្រូវសមត្ថកិច្ច នៃ​ការិយា​ល័យ​បទល្មើស​ព្រហ្មទណ្ឌ ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨នេះ។

មន្រ្ដីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង័្សយទាំង២នាក់ឪពុកកូនជាប់ពាក់ព័ន្ធ​នឹងករណីឆបោក និងលួច ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ គឺកូន​ឈ្មោះ ចូ ស៊ូ​ពិន (Cho So In) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ M36107313 និងឪពុក​ឈ្មោះ ចូ សាម​ហ្សុ​ង (Cho Samsung ) អាយុ​៦០​ឆ្នាំ។ ពួកគេទាំង២នាក់ ជនជាតិ​កូរ៉េ​ខាងត្បូង បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​លេខ​១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ចំណែក​ដើមបណ្តឹង​ ក្នុង​សំណុំរឿង​នេះ​ឈ្មោះ ជិន ជី​ហុង (Jin Zhehong ) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិចិន មានមុខរបរ​ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd មាន​អា​ស​យ​ដ្ឋា​ន​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ឯក ម៉ាំង សុខ​លុ​ច នាយការិយាល័យ​ព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង២​នាក់​ឪពុក​កូន ត្រូវ​កម្លាំង​សមត្ថកិច្ច​របស់​លោក​​ ឃាត់ខ្លួនបាន ​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាមផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុង​ភូមិ​កោះអណ្ដែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫ​ស្សី​កែវ។ រីឯការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើ​ឡើង​ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ។

​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ដើមបណ្តឹងជាជនរងគ្រោះខាងលើ បាន​ប្តឹងជនជាតិកូរ៉េ២នាក់ ​ឪពុក និង​កូន​ ពី​បទ “​ឆបោក​” ដែល​មាន​ទឹកប្រាក់​ប្រហែល ​២៩២០៤៥​ដុល្លារ ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាល​ពីអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច​ មាន​ទឹកប្រាក់​ចំនួន​៧២០៥៨៨២​ដុល្លារ ដែលបាល​ប្រព្រឹត្ត កាលពីអំឡុង​ឆ្នាំ​២០១៧ ព្រមទាំងពី​បទ​ក្លែង​ឯកសារ​សាធារណៈ៕