ភ្នំពេញ៖ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូពីការចាប់នារីសង្ស័យលួចទូរស័ព្ទ ហើយត្រូវក្រុមអាជីវករវាយ​ធ្វើទារុណកម្ម និងកោរសក់ត្រងោលរួចមក លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានចាត់កម្លាំងសមត្ថកិច្ចឲ្យស្រាវស្រាវជ្រាវ និងហៅអាជីវករទាំង៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មទៅលើនារីសង័្សយ ដើម្បីនាំមកអប់រំ និងធ្វើកិច្ចសន្យា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់អ្នកសារព័ត៌មានថា “អាជីវករចំនួន៤នាក់ (ស្ត្រីមា្នក់) ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ ដោយសារពួកគាត់ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់នូវអំពើហិង្សា និងចាប់កោរសក់នារីដែលជាជនសង្ស័យ។ ចំពោះចំណាត់ការយ៉ាងណាទៀតនោះ លោកនឹងរង់ចាំឆ្លងយោបល់ និងសុំគោលការណ៍ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាមុនសិន”។ ដោយឡែក ស្រ្ដីសង្ស័យ គឺសមត្ថកិច្ចកំពុងស្រាវជ្រាវ និងហៅនាង នាំមកសាកសួរ។

ក្រុមអាជីវករ ជាប់ចោទពីការប្រើហិង្សា និងចាប់ជនសង័្សយកោរត្រងោល

សូមជម្រាបថា កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មាននារីវ័យក្មេងម្នាក់បានបន្លំខ្លួនចូលលួចទូរស័ព្ទរបស់អាជីវករម្នាក់ ក៏ត្រូវម្ចាស់ទូរស័ព្ទ និងអ្នកជិតខាង​ឃើញទាន់ នាំគ្នាដេញចាប់ វាយទ្រមខ្លួន និងកោរសក់ បង្កឲ្យភ្ញាក់ផ្អើលឡើង នៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍​សែន​ជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ អាជីវកររងគ្រោះកំពុងតែរវល់លក់ដូរ ស្រាប់តែមាននារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបន្លំចូលទៅលួចទូរស័ព្ទ។ ប៉ុន្តែម្ចាស់ទូរស័ព្ទ​ឃើញទាន់ ក៏ស្រែកឆោឡោនាំ គ្នាដេញព័ទ្ធចាប់បាន ហើយវាយធ្វើបាប ដោយចាប់នាងជាន់ពីលើក្បាលពោះ និងកោរសក់របស់នាង រួចហើយដោះលែងទៅវិញ។

មតិមហាជន បានលើកឡើងថា បន្ទាប់ពីមើលឃើញនូវទង្វើដ៏ឃោរឃៅបែបនេះ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងដល់បុរស២ទៅ៣នាក់ខាងលើ។ ថ្វីត្បិតតែជនសង័្សយបានប្រព្រឹត្ដខុសក៏ពិតមែន តែយើងមិនត្រូវធ្វើទារុណកម្មទៅលើនាងបែបនេះឡើយ គឺត្រូវប្រគល់ទៅឲ្យសមត្ថកិច្ច នាំទៅចាត់ការ​តាមច្បាប់។ ការចាប់ជនសង័្សយកោរសក់បែបនេះ គឺមានលក្ខណៈឃោរឃៅ ដូចជាពួកឃាតករ នៃបនប្រល័យ​ពូជសាសន៍ ប៉ុល ពត អ៊ីចឹងដែរ។ នៅក្នុងសម័យ នៃរបបឃោរឃៅនោះ បើពួកគេចាប់បានមនុស្សណា​ម្នាក់លួចដំឡូង ឬរបស់របរអ្វីយកមកហូប បើពួកគេមិនសម្លាប់ចោល ក៏ពួកគេចាប់​កោរ​សក់​ជាសញ្ញាជើងក្អែកពីលើក្បាលដែរ។

ប្រភពព័ត៌មានដដែល បានបន្តថា ការធ្វើនូវទង្វើបែបនេះ គឺបង្ហាញពីភាពឃោរឃៅ ដែលធ្វើសមត្ថកិច្ច​មិនគួរអត់ឱនឡើយ។ ទោះបីនាងជាចោរយ៉ាងណាក៏ដោយ ក៏គួរតែឃាត់ខ្លួននាងទុកឲ្យសមត្ថកិច្ច នាំទៅចាត់ការតាមនីតិវិធី មិនគួរនាំគ្នាប្រើអំពើហិង្សាទៅលើនាង ជាពិសេស ចាប់នាង​កោរសក់បែបនេះទេ។ ការប្រព្រឹត្ដបែបនេះ គឺពិតជាបង្ហាញនូវទង្វើដ៏អាក្រក់បំផុត នៅក្នុងសង្គមមួយ ដែលមានច្បាប់ទម្លាប់ដ៏ល្អ និងត្រឹមត្រូវបំផុត។ ការដែលនិយាយបែបនេះ មិនមែនយើងកាន់ជើងមនុស្សខិលខូច ឬចោរនោះទេ ប៉ុន្តែបើគេប្រព្រឹត្ដខុសទៅហើយ ហេតុអ្វីយើងត្រូវប្រព្រឹត្ដបន្ថែមទៀត? យកល្អយើងត្រូវតែចាប់ជនសង័្សយ​នោះ ប្រគល់ឲ្យសមត្ថកិច្ចជាអ្នកនាំទៅចាត់ការតាមច្បាប់ ទើបត្រឹម​ត្រូវ ហើយយើងក៏មិនមានទោសពៃរ៍ទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដែរ តែអាជីវករទាំងនោះបានដោះលែងនារី ដែលជាជនសង្ស័យនោះឲ្យមានសេរីភាពវិញ ហើយនាងក៏បានគេចខ្លួនបាត់ហើយដែរ៕