ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ញៀននឹងស្រា ហើយផឹកស្រវឹងជាប្រចាំ ធ្វើឲ្យប្រពន្ធទ្រាំរស់នៅជាមួយមិនបាន ក៏ចុះចោល ទើបគេទៅយកប្រពន្ធមួយទៀត ហើយនាងក៏ចោលទៀត ធ្វើឲ្យគេកើតទុក្ខរីងរៃ និងយកស្រាមកផឹកបន្ថែមទៀត រហូតកើតជំងឺសរសៃប្រសាទ ចេះតែមានចរិតឆេវឆាវខ្លាំងពេក កាន់ពូថៅអុកឡុកពេញភូមិខាងលើនេះ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចហាងលក់បាយមួយកន្លែងយីហោ “ស៊្រុន ប៊ុនហឿន” ស្ថិតក្នុងភូមិបេង ឃុំដា ស្រុកមេមត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ បុរសមានប្រពន្ធ២ ហើយត្រូវនាងចុះចោលអស់ និងដើរអុកឡុកពេញភូមិនោះ ឈ្មោះ ផន លី អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ហ៊ាន ប៊ុនហេង អាយុ៣៣ឆ្នាំ ត្រូវជាក្មួយប្រុសរបស់បុរសខាងលើ បានរៀបរាប់ប្រាប់ថា ជនបង្កខាងលើ ត្រូវជាឪពុកមារបស់គាត់ ហើយកាលពីមុន ពូម្នាក់នេះធ្លាប់មានប្រពន្ធដល់ទៅ២នាក់។ ប៉ុន្តែដោយសារគាត់ជាមនុស្សចូលចិត្តផឹកស្រាខ្លាំងពេក ទើបធ្វើឱ្យកើតមានជំងឺសរសៃប្រសាទ ណាមួយគាត់មានចរិតឆេវឆាវកោងកាចខ្លាំងផង ទើបប្រពន្ធទ្រាំរស់នៅជាមួយមិនបាន ក៏នាំគ្នារត់ចោលអស់។សូម្បី​តែកូនស្រីម្នាក់របស់គាត់ក៏មិនហ៊ានរស់នៅជាមួយដែរ។ រាល់ថ្ងៃពូម្នាក់នេះរស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ នៅជាមួយនឹងតាយាយ។ ចំណែកសមាជិកក្រុមគ្រួសារផ្សេងទៀត មិនមានអ្នកណារស់នៅកើតទេ ដោយសារតែពូកើតរោគសរសៃប្រសាទនេះ ឧស្សាហ៏ធ្វើទុក្ខរករឿងខ្លាំងពេក។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ពូរបស់គាត់បានមកលេងផ្ទះគាត់ នៅភូមិបេង ចំនួន​៣ថ្ងៃ​មកហើយ។ លុះមកដល់ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែជំងឺសរសៃប្រសាទ បានធ្វើទុក្ខ ក៏កាន់កូនពូថៅ នៅក្នុងដៃ រួចដើរទៅដើរមកចេញចូល និងបានគ្រវី ព្រមទាំងបានចោលទៅក្នុងហាងខាងលើ ធ្វើឱ្យសមាជិកក្រុមគ្រួសារ និងភ្ញៀវនាំគ្នារត់ឡើងប្រសាចចេញមកក្រៅរកកន្លែងសុវត្ថិភាពរៀងៗខ្លួន។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីឃើញសភាពមិនស្រួលបែបនេះ ម្តាយរបស់គាត់ ឈ្មោះ ផន ស៊ុន អាយុជាង៥០ឆ្នាំ បានរាយការណ៍ទៅប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដា ឱ្យចុះមកជួយអន្តរាគន៏ និងបានចាប់ពូរបស់ខ្លួនចងទាំងដៃជើងជាប់ ការពារមិនឱ្យបង្កគ្រោះថ្នាក់ដល់អ្នកភូមិ។ ប៉ុន្តែដោយសារមាន​ការស្នើសុំពីសមាជិកក្រុមគ្រួសារ ទបើសមត្ថកិច្ចសុខចិត្តនាំពូ លី ទៅដាក់នៅក្នុងមណ្ឌលឱកាសខ្ញុំនៅឯរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែល បានបន្តថា កន្លងមក នៅពេលរោគសរសៃប្រសាទរបស់ពូលីធ្វើទុក្ខ ពួកគាត់តែងតែនាំពូលីទៅដាក់ នៅក្នុងមណ្ឌលនោះ រហូតពូជាស្រួលបួល ទើបឲ្យពូលវិលត្រឡប់មកផ្ទះនៅស្រុកមេមត់ វិញ។ ប៉ុន្តែដោយសារតែពូមិនបានតមស្រា គិតតែផឹកញឹកញាប់ពេក ទើបធ្វើឱ្យជំងឺសរសៃប្រសាទ​របសគាត់រើឡើង ដូចមានអាការខាងលើ គឺពូលីបានកាន់ពូថៅដេញគេឯង តែសំណាងបានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា៕