ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានបន្លំខ្លួនចូលលួចទូរស័ព្ទរបស់អាជីវករម្នាក់ ក៏ត្រូវម្ចាស់ទូរស័ព្ទ និងអ្នកជិតខាងឃើញទាន់ នាំគ្នាដេញចាប់ វាយទ្រមខ្លួន និងកោរសក់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ អាជីវកររងគ្រោះកំពុងតែរវល់លក់ដូរ ស្រាប់តែមាននារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបន្លំចូលទៅលួចទូរស័ព្ទ។ ប៉ុន្តែម្ចាស់ទូរស័ព្ទឃើញទាន់ ក៏ស្រែកឆោឡោនាំ គ្នាដេញព័ទ្ធចាប់បាន ហើយវាយធ្វើបាប ដោយចាប់នាងជាន់ពីលើក្បាលពោះ និងកោរសក់របស់នាង រួចហើយដោះលែងទៅវិញ។
មតិមហាជន បានលើកឡើងថា បន្ទាប់ពីមើលឃើញនូវទង្វើដ៏ឃោរឃៅបែបនេះ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងដល់បុរស២ទៅ៣នាក់ខាងលើ។ ថ្វីត្បិតតែជនសង័្សយបានប្រព្រឹត្ដខុសក៏ពិតមែន តែយើងមិនត្រូវធ្វើទារុណកម្មទៅលើនាងបែបនេះឡើយ គឺត្រូវប្រគល់ទៅឲ្យសមត្ថកិច្ច នាំទៅចាត់ការតាមច្បាប់។ ការចាប់ជនសង័្សយកោរសក់បែបនេះ គឺមានលក្ខណៈឃោរឃៅ ដូចជាពួកឃាតករ នៃបនប្រល័យពូជសាសន៍ ប៉ុល ពត អ៊ីចឹងដែរ។ នៅក្នុងសម័យ នៃរបបឃោរឃៅនោះ បើពួកគេចាប់បានមនុស្សណាម្នាក់លួចដំឡូង ឬរបស់របរអ្វីយកមកហូប បើពួកគេមិនសម្លាប់ចោល ក៏ពួកគេចាប់កោរសក់ជាសញ្ញាជើងក្អែកពីលើក្បាលដែរ។
ប្រភពព័ត៌មានដដែល បានបន្តថា ការធ្វើនូវទង្វើបែបនេះ គឺបង្ហាញពីភាពឃោរឃៅ ដែលធ្វើសមត្ថកិច្ចមិនគួរអត់ឱនឡើយ។ ទោះបីនាងជាចោរយ៉ាងណាក៏ដោយ ក៏គួរតែឃាត់ខ្លួននាងទុកឲ្យសមត្ថកិច្ច នាំទៅចាត់ការតាមនីតិវិធី មិនគួរនាំគ្នាប្រើអំពើហិង្សាទៅលើនាង ជាពិសេស ចាប់នាងកោរសក់បែបនេះទេ។ ការប្រព្រឹត្ដបែបនេះ គឺពិតជាបង្ហាញនូវទង្វើដ៏អាក្រក់បំផុត នៅក្នុងសង្គមមួយ ដែលមានច្បាប់ទម្លាប់ដ៏ល្អ និងត្រឹមត្រូវបំផុត។ ការដែលនិយាយបែបនេះ មិនមែនយើងកាន់ជើងមនុស្សខិលខូច ឬចោរនោះទេ ប៉ុន្តែបើគេប្រព្រឹត្ដខុសទៅហើយ ហេតុអ្វីយើងត្រូវប្រព្រឹត្ដបន្ថែមទៀត? យកល្អយើងត្រូវតែចាប់ជនសង័្សយនោះ ប្រគល់ឲ្យសមត្ថកិច្ចជាអ្នកនាំទៅចាត់ការតាមច្បាប់ ទើបត្រឹមត្រូវ ហើយយើងក៏មិនមានទោសពៃរ៍ទៀតផង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដែរ តែអាជីវករទាំងនោះបានដោះលែងនារី ដែលជាជនសង្ស័យនោះឲ្យមានសេរីភាពវិញ ហើយនាងក៏បានគេចខ្លួនបាត់ហើយដែរ៕