ភ្នំពេញ ៖ សកម្មភាព​ធ្វើ​រោង​បុណ្យ ឬ​រោងការ នៅ​មុខ​ផ្ទះ​តាម​ដងផ្លូវ បាន​ក្លាយទៅជា​ប្រធានបទ​ក្តៅ​គគុក​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រោះតែ​សកម្មភាព​នេះ ត្រូវ​បាន​អ្នកខ្លះ​អះអាង​ថា រំខាន​អ្នក​ជិតខាង និង​រំខាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ ។

ពាក់ព័ន្ធ​នឹង​ប្រធានបទ​ក្តៅ​គគុក​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រាល់​ការ​សុំ​ច្បាប់ និង​សាងសង់​រោង​បុណ្យ ឬ​រោងការ​ណា ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ ដើម្បី​ជៀសវាង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០១៨​នេះ ។

លោក ឃួ​ង ស្រេង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កំលាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ ឲ្យ​បានជា​ប្រចាំ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​, រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ដែល​នាំ​អោយ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ នា​ពេល​កន្លង​មក​នោះ គួរ​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ដូច​ជា ទី​វត្ត​អារាម តាម​ភោ​ជនី​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​សមរម្យ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ក្រើនរម្លឹក​ក​ដល់​អាជ្ញាធរ និង​ស្ថា​ប​ន័​ពាក់ព័ន្ធ​ឲ្យ​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេ​ដង​ថែម​ទៀត លើ​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យ​សក្តិ​សម​ទៅ​នឹង​ទំនុកចិត្ត របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​យើង ។

ជា​ការ​កត់សម្គាល់​នៅ​ក្នុង​សង្គម​ខ្មែរ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្មភាព​ធ្វើ​រោង​បុណ្យ រោងការ​នៅ​ពីមុខ​គេហដ្ឋាន ដែល​រំខាន​ដល់​អ្នក​ជិតខាង ឬ​អ្នក​ធ្វើ​ដំណើរ ហាក់បីដូចជា​ទទួល​ការ​រិះគន់​ច្រើន​ពី​មហាជន ដោយសារ​ពួក​គេ​គិត​ថា ទ​ង្វើ​នេះ រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​បរិបទ​ដែល​ផ្លូវ​ក្នុង​ទីក្រុង​ធំ​ៗ​របស់​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។ ម្យ៉ាងទៀត ការ​សង់រោង​បុណ្យ​ទាំងនេះ ក៏​អាច​រំខាន​អ្នក​ជិតខាង ជា​ពិសេស អ្នក​ប្រកប​អាជីវកម្ម ផង​ដែរ ។

ជា​ការ​ពិត មិន​អាច​ប្រកែក​បាន មាន​តែ​អស់លោក​អ្នកធំ​ៗ​ទេ ដែល​សាងសង់​រោង​បុណ្យ​, រោងការ បិទផ្លូវ​សាធារណៈ​ទាំងស្រុង​នោះ ហើយ​ពេល​ខ្លះ​បិទ​ដល់​ទៅ​៣​ថ្ងៃ ក៏​មាន​ដែរ ៕