ភ្នំពេញ៖ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជំរុញឲ្យកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបជនជាតិចិនទំនើង ដែលប្រព្រឹត្ដខុសច្បាប់ដោយ​គ្មានការលើកលែងឡើយ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកសុខ ផល បានថ្លែងយ៉ាងដូច្នេះថា “យើងនិយាយតែរឿងខុសច្បាប់ទេ បើត្រូវច្បាប់ ត្រូវតែគាំទ្រ ការពារគេជាគោលនយោបាយ។ អ៊ីចឹង​ចិន​ខុសច្បាប់ ដែលរស់នៅខេត្តព្រះសីហនុ កំពុងកើនឡើង គួរឲ្យកត់សម្គាល់ ហើយសម្ដេចក្រឡាហោម បានលើកឡើង កាលពីពីម្សិលមិញ ដែលនេះជាបញ្ហាប្រឈម ត្រូវតែអនុវត្តតាមច្បាប់”។​

លោកសន្តិបណ្ឌិតរដ្ឋលេខាធិការ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ជនជាតិចិនរស់នៅកម្ពុជា មានតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ហើយចំនួននេះអត់បូកបញ្ចូលជាមួយអ្នកកាទូត អ្នកទេសចរ និងអង្គការសង្គមស៊ីវិលទេ។ ប៉ុន្ដែនៅចុងឆមាសទី២នេះ ជនជាតិចិនបានកើនឡើងដល់ជាង២០ម៉ឺននាក់។ នេះបើយោងតាមស្ថិតិជនជាតិចិន ដែលមកពន្យារទិដ្ឋាការ។

លោកសន្តិបណ្ឌិត សុខ ផល បានបន្តថា ក្នុងចំណោមជនជាតិចិនទាំង២០ម៉ឺននាក់នេះ មានជាង៧​៨០០០នាក់ កំពុងរស់នៅខេត្តព្រះសីហនុ ក្នុងនោះមានប័ណ្ណការងារត្រឹមត្រូវ មានត្រឹមតែជាង២ម៉ឺននាក់​ប៉ុណ្ណោះ ។

​សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែង ដោយដាក់បទបញ្ជាដល់អង្គភាពសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ចំនួន៤ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅកាន់ខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាប​បទល្មើស។ បទបញ្ជានេះ​ គឺកើតឡើង បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន នៅក្នុងខេត្តព្រះសីហនុ។

ដោយឡែកអង្គភាពទាំង៤ ដែលក្រសួងដាក់បទបញ្ជានោះ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃ៕