ខេត្ត​​បន្ទាយ​មាន​ជ័យ​៖ ភ្លៀងបានបង្អុរចុះមួយមេយ៉ាងខ្លាំង ស្រោចស្រពមកលើទឹកដីខេត្តបន្ទាយមាន​ជ័យ ចាប់តាំងពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់វេលាម៉ោងជិត​៩ព្រឹកនេះទៅហើយ ក៏នៅតែមិនទាន់រាំង ទើបធ្វើឲ្យតំបន់មួយចំនួន ត្រូវលិចទឹក ជាពិសេសនៅតាម​ដងផ្លូវនានា នៅក្នុងទីក្រុងប៉ោយប៉ែត។

បើតាមសេចក្ដីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ភ្លៀងធំនេះបានបង្អុរចុះ ចាប់តាំងពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា មកម៉្លេះ ហើយរហូតមកដល់ព្រឹកនេះ ភ្លៀងក៏នៅតែមិនទាន់រាំងនៅឡើយ។ ដោយសារតែភ្លៀងធ្លាក់មកយ៉ាងខ្លាំងបែបនេះ ទើបធ្វើឲ្យតំបន់មួយចំនួន នៃខេត្ដ​បន្ទាយមានជ័យ ត្រូវជន់លិច ជាពិសេស ទីក្រុងប៉ោយប៉ែត លើកលែងតែនៅតាមដងផ្លូវជាតិ​លេខ​៥។ ដោយឡែកនៅក្នុងទីក្រុងប៉ោយប៉ែតទាំងមូល ត្រូវទឹកជន់លិច។ សូ​ម្បី​តែនៅតាម​ដងផ្លូវ​បេតុង​មួយ​ចំនួន ​ចាប់តាំងពី​សាលាសង្កាត់​ប៉ោយ​ប៉ែត រហូតទៅ​ទិស​ខាងជើង​ ដែល​ពី​មុន​មិន​ធ្លាប់​មានទឹក​ជន់​លិចសោះ ស្រាប់តែ​ពេល​នេះ​ មានទឹកជន់លិច ធ្វើ​ឱ្យ​​​អ្នក​ដំណើរមានការពិបាក​។ ចំណែក​​ចំណតរថយន្ត​ក្រុង​ និង​ទីតាំង​រង្វង់​មូល​ ត្រង់ម្តុំ​មុខ​ការិយាល័យ​គយ​ និង​រដ្ឋាករ​ និង​ប៉ុស្តិ៍​​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ ក៏មានទឹកជន់លិចល្ហ​ល្ហាច​ដែរ​។

ទោះជាយ៉ាងណា រហូត​មក​ទល់នឹង​ពេល​នេះ គឺ​​នៅ​មិន​ទាន់​មានទទួល​ព័ត៌មាន​ណាមួយដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​នេះនៅឡើយ​៕