ខេត្ត​ព្រះ​សីហ​នុ​៖ ជនអន្ធពាលចិនមួយក្រុម បានចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុក និងធ្វើទារុណកម្ម ដោយខុសច្បាប់ ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុចុះទៅបង្រ្កាប និងចាប់ខ្លួន កាលពីវេលាម៉ោង​៣ និង២០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបន្ទប់​លេខ​៤០៩ ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ មានទីតាំងស្ថិត​ក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ។

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​បានឱ្យ​ដឹង​ថា​ ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់មនុស្សបង្ខាំងទុកដោយខុសច្បាប់ និងធ្វើទារុណកម្ម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ទី​១-​ឈ្មោះ​ WU​ TAOTAO​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ E47110783​,​ ទី២-​ឈ្មោះ​ WU​ XIONGBO​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ E18485588​,​ ទី​៣-​ឈ្មោះ​ WU​ XUXIANG​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ​ E89684327 និង​ទី​៤-​ឈ្មោះ​ REN​ JIHU​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ​ E45370348 ។ ពួកគេទាំង៤នាក់ស្នាក់​នៅ​បន្ទប់​លេខ​​៤០៩ ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ មានទីតាំងស្ថិត​ក្នុង​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​ព្រះ​សីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន ពិល​ឆក់​ចំនួន​២ដើម,​ រថយន្ត​១​គ្រឿង​ ម៉ាក​ LEXUS​ RX៣០០​ ពណ៌​ស​ ស្លាក​លេខ ភ្នំពេញ​ 2AL-5010​។​​

មន្ត្រីនគរបាលដដែល បានបន្ដថា​ ដោយឡែកជនរងគ្រោះ នៅក្នុងអំពើចាប់បង្ខាំងនោះ ​រួមមាន ទី​១-​ឈ្មោះ​ CHEN​ TI​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ចិន​ កាន់លិខិត​ឆ្លង​ដែន​លេខ ED6680842 រង​របួស​បែក​មាត់​ និង​ស្នាម​ដាច់​រលាត់​ខ្នង​(​រង​របួស​មធ្យម​)​ និងទី​២-​ឈ្មោះ​ DAI​ YANYING​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ចិន​ កាន់លិិ​ខិត​ឆ្លង​ដែន​លេខ ED6689382 ។ ពួកគេទាំង២នាក់ស្នាក់​នៅ​ក្នុងសណ្ឋាគារ​ដើម​ត្នោត​ មានទីតាំងស្ថិតនៅក្រុមទី​១៥​ ភូមិ​៤​ សង្កាត់លេខ​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតហេតុ ជន​រង​គ្រោះ​បាន​ធានា​លុយ​ចំនួន​១សែនយ័ន​ (​Yuan)​ ពី​ក្រុម​ជនសង្ស័យ​ ដើម្បី​ឲ្យ​មិត្ត​ភក្ដិ​យក​ទៅ​លេងល្បែង​ នៅ​ក្នុងកាស៊ីណូ​ឆាង​យូ​។ លុះពេលមិត្តភក្ដិ​របស់ពួកគេលេង​ល្បែងចាញ់អស់លុយពីខ្លួន ក៏​គ្មាន​ប្រាក់សម្រាប់​សង​ទៅក្រុម​ជនសង្ស័យ​ ទើបពួកនេះ​ចាប់​ជន​រង​គ្រោះ​ឃុំឃាំងទុក នៅ​ក្នុង​បន្ទប់​។ បន្ទប់មក ជនសង័្សយបាន​ធ្វើ​ទារុណកម្ម​ និងវាយ​ធ្វើបាប​ទៅលើជនរងគ្រោះ ដោយប្រើ​ពិល​ឆក់​ ដើម្បីបង្ខំ​ឲ្យ​ជន​រង​គ្រោះ​ស​រសេរ​លិខិត​ជំពាក់​ប្រាក់​។​

មន្ត្រីនគរបាលដដែល បានបន្ដថា បន្ទាប់ពីទទួលបាននូវព័ត៌មនបែបនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះទៅបង្រ្កាប និងចាប់ខ្លួនជនសង័្សយ ព្រមទាំងរំដោះជនរងគ្រោះ។ នៅពេលនេះជនសង្ស័យ​ខាងលើ​នេះ​ ត្រូវមន្ត្រីជំនាញ នៃការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​ចាត់ការបន្តតាម​នីតិវិធី​៕