ខេត្តតាកែវ៖ បុរសប្រមឹកម្នាក់ទើបនឹងចេញពីផឹកស្រវឹង ស្រាប់តែដើរមកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែក និងវាយដំប្រពន្ធយ៉ាងចាស់ដៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិស្វាយអំពារ ឃុំស្រងែ ស្រុកទ្រាំង។

មន្ត្រីនគរបាលស្រុកទ្រាំង បានឲ្យដងថា បុរសកំណាចដែលវាយប្រពន្ធ និងប៉ុនប៉ងដុតផ្ទះចោល ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ អ៊ុ អូន អាយុ៤១ឆ្នាំ មុខរបរកសិករ។ រីឯស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ណី ថាវី អាយុ៣៨ឆ្នាំ។ ពួកគេទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាប្តី គឺជាមនុស្សស្រវឹងខួប ហើយគេតែងតែដើរផឹកស្រាជាប់ជាប្រចាំ និងតែងរករឿងដេញវាយប្រពន្ធកូនស្ទើររាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ គេតែងតែវាយបំផ្លាញទ្រព្យរបស់ នៅក្នុងផ្ទះគ្មានសល់ ធ្វើឱ្យក្រុមគ្រួសារទាំងមូល រស់នៅទាំងការភ័យខ្លាច ដោយគ្មានសុភមង្គល។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនដៃដល់ជាប្តីបានចេញទៅផឹកដូចសព្វមួយដង រហូត​​ស្រវឹងជោកជាំ ទើបគេត្រឡប់ចូលផ្ទះវិញ។ ប៉ុន្តែគ្រាន់តែគេចូលមកដល់ផ្ទះ ក៏រករឿងប្រពន្ធ បង្កឲ្យកើតមានការឈ្លោះប្រកែកគ្នា។ ភ្លាមៗនោះ ស្រាប់តែគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅវាយតប់ប្រពន្ធឡើងទ្រោមខ្លួន រួចហើយបានវាយបំផ្លាញទ្រព្យក្នុងផ្ទះ រួមមាន ចាន ទូរទស្សន៍ និងវាយបំបែកទ្វារកញ្ចក់ផ្ទះ បែកខ្ទេច២ផ្ទាំង។ មិនតែប៉ុណ្ណោះ ប្តីប្រមឹករូបនេះបានយកសាំងមកចាក់ស្រោចក្នុងផ្ទះ ប៉ុនប៉ងដុតផ្ទះចោលទៀត តែសំណាងល្អ អ្នកជិតខាងបានរត់មកជួយពន្លត់ទាន់ កុំអីផ្ទះទាំងមូលត្រូវភ្លើងឆេះបំផ្លាញអស់គ្មានសល់។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារតែអត់ទ្រាំនឹងទង្វើដ៏កំណាចឃោរឃៅរបស់ប្តីលែងបាន ទើបស្ត្រីជាប្រពន្ធបានដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនប្តីរបស់នាង នាំទៅចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីប្រមឹករូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើប្រពន្ធ និងវាយបំផ្លាញទ្រព្យនៅក្នុងផ្ទះ រួចចាក់ប្រេងមានប៉ុនប៉ងដុតផ្ទះចោលប្រាកដមែន។ រីឯមូលហេតុ នៃអំពើហិង្សានេះ គឺដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក៕