ភ្នំពេញ៖ រថយន្តបែនមួយគ្រឿង បានដឹកខ្សាច់ពេញប្រៀប បើកកិនពីលើគម្របលូ បណ្តាលឲ្យផុងជាប់
រកកល់ចង់ក្រឡាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤៨៨ កែងនឹងផ្លូវលេខ៩៩ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្តបែនមួយគ្រឿង ម៉ាកហ្វ៊ុយសូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D1641 ដឹកខ្សាច់ពេញរថយន្ត បើកបរតាមបណ្ដោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នក​បើកបរបានបួងចង្កូតបត់ស្ដាំ តែមិនប្រយ័ត្ន ក៏កិនមាត់លូ ផុងជាប់កង់ក្រោយ បើកទៅមុខលែងរួច បណ្ដាលឲ្យខូចខាតលូ និងផ្លូវកៅស៊ូ។ ភ្លាមៗនោះ អ្នកបើករថយន្តបានទុករថយន្តចតចោល ហើយគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ អាជ្ញធរមូលដ្ឋានបានទាក់ទងទៅមន្រ្ដីសាលាខណ្ឌឲ្យចុះមកស្ទូចរថយន្តបង្ក យក​ទៅរក្សាទុកនៅសាលាខណ្ឌ ដើម្បីស្វែងរកម្ចាស់ មកដោះស្រាយសងថ្លៃខូចខាតលូ និងផ្លូវកៅស៊ូ៕