ខេត្តស្ទឹងត្រែង ៖ ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ពី​ស្រុក​នានា ក្នុង​ខេត្តស្ទឹងត្រែង ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​កំពុង​តែ​មាន​សកម្មភាព​ខ្លាំងក្លា​ទ្វេ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ​ក្រុម​ឈ្មួញ​មិន​ត្រឹមតែ​ប្រើ​មធ្យោបាយ​តាម​ផ្លូវគោក​ទេ គេ​ថែម​ទាំង​កំពុង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកជា​រៀងរាល់ថ្ងៃ​ទៀត​ផង ​។

ជាក់ស្តែង កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ កញ្ញា​ ​២០១៨​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ លោក វ៉ា សុ ផា​ន់ ប្រធាន ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ស្ទាក់​បាប់​​បាន​ក្បូនឈើ​មួយ​ ដើម្បី​នាំ​បន្ត​ទៅ​វៀតណាម តាម​ដង​ទន្លេសេកុង​ ក្បែរ​ស្ពាន​សេ​កុង ​ក្រុង​ស្ទឹង​ត្រែង​ ។

ប្រភព​ព័ត៌មានពីសមត្ថកិច្ច​ឲ្យ​ដឹង​ថា បន្ទាប់​ពី កម្លាំងសមត្ថកិច្ចបង្ក្រាប​ក្បួន​ឈើ​នេះ​រួច​មក​ ក៏​ធ្វើការ​អូស​ក្បូនឈើ​ដែល​គេ​ឃើញ​ប្រភេទ​ឈើមូល​ចង​ក្រ​សោ​មគ្នាយក​ទៅ​ទុក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើខេត្ត ​។

សមត្ថកិច្ច​បាន​បន្ថែម​ថា ចំនួន​ឈើ​ពិតប្រាកដ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​រង់ចាំ​ជំនាញ​ធ្វើការ​វាស់វែង​នៅ​ពេល​ក្រោយ ៕