ភ្នំពេញ៖ យុវជនទំនើងម្នាក់ ខឹងសុំលុយម្ដាយមិនបានដូចបំណង យកដំបងទៅវាយគាត់ និងប្អូនស្រី ទើប​​សមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជួលមួយ​កន្លែង ស្ថិតក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា យុវជនទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជុំ សៅ​លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់។ រីឯស្ដ្រីរងគ្រោះជាម្ដាយ ឈ្មោះ ឈាង ចិន្ថា អាយុ​៥០​ឆ្នាំ មុខរបរអ្នកលាងកែវកាហ្វេ និងប្អូនស្រី សុំមិនបញ្ចេញឈ្មោះ។ គ្រួសារនេះរស់នៅក្នុងភូមិ​កើតហេតុខាង​លើ។

បើតាមសម្ដីរបស់ម្ដាយជនបង្ក បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់បាន​ទៅធ្វើជាកម្មករសំណង់ ដោយទទួលបានកម្រៃ នៃកម្លាំងពលកម្មចំនួន២៣ម៉ឺនរៀល ហើយគេឲ្យ​មក​គាត់ជាម្តាយចំនួន១៣ម៉ឺនរៀល។ រីឯលុយនេះ គឺគេឲ្យមកគាត់ តាំងពីមុនពេលបោះឆ្នោត​តំណាងរាស្រ្ដ នាអាណត្តិទី៦មកម៉្លេះ។

ស្រ្ដីរងគ្រោះបានបន្តថា បន្ទាប់ពីឲ្យលុយមកគាត់ហើយ គឺកូនប្រុសម្នាក់នេះតែងតែមកសុំលុយពីគាត់វិញម្តង២ពាន់រៀល ទៅ៣ពាន់រៀល ជារៀងព្រឹក ថ្ងៃ និងល្ងាច ដើម្បីយកទៅហូបបាយស្រូប ឬផឹកកាហ្វេ និងលេងខ្លាឃ្លោក។ ជារៀងរាល់ថ្ងៃ នៅពេលកូនគាត់មកសុំលុយ ត្រូវតែឲ្យគេជាដាច់ខាត បើសិនជាមិនឲ្យម្តងណានោះ គេតែងតែរករឿងបោកចានបោកឆ្នាំងចោល ខ្ទេចខ្ទីអស់ជាមិនខាន។

ស្រ្ដីជាម្ដាយបានបន្តទៀតថា រហូតមកដល់ថ្ងៃកើតហេតុ កូនអកតញ្ញូរបស់កាត់បាន​មក​សុំ​លុយ​២ពាន់​រៀល ដើម្បីយកទៅផឹកកាហ្វេ តែពេលនោះគាត់ពុំមានលុយឲ្យ ស្រាប់តែគេរករឿង និងវាយដំទៅលើប្អូនស្រី ធាក់ផង ទាត់ផង បណ្តាលឲ្យនាងរងរបួសស្ទើរពេញខ្លួន។ ឃើញដូច្នោះ គាត់បានចូលទៅឃាត់ ស្រាប់​តែកូនអកតញ្ញូ បានយកដំបងដែកមកវាយគាត់ចំពីលើក្បាល បណ្តាលឲ្យរបួសបែក។ បន្ថែមលើសពីនេះទៅទៀត កូនអកតញ្ញូរូបនេះបានគំរាមគាត់ មិនឲ្យទៅប្តឹងនគរបាលឡើយ ដោយគេថា បើហ៊ានប្តឹង គេនឹងសម្លាប់គាត់ជាម្តាយចោល។

ស្រ្ដីជាម្ដាយ បានបន្តទៀតថា ដោយសារគាត់អត់ទ្រាំនឹងការធ្វើទុក្ខបុកម្នេញពីកូនប្រុសអកតញ្ញូលែង​បាន ហើយម្យ៉ាងទៀតណាមួយខ្លាច គេធ្វើអំពើអ្វីអាក្រក់បន្ថែមទៀត ទើបគាត់សម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ២ ឲ្យជួយអន្តរាគមន៍។

ក្រោយពេលមានពាក្យបណ្ដឹងពីម្ដាយ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនកូនអកតញ្ញូរូបនេះ នាំមកកាន់​ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ រួចហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ចាត់ការបន្តតាមនីតិវិធី៕