ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ មានហេតុការណ៍យុវជនម្នាក់ បានលង់ទឹកហើយលិចបាត់ នៅចំណុចស្ពានដែក ស្ថិតនៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពុងសៀម ខេត្តកំពង់ចាម ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ ផេង បូរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដំបងដែក ឃុំកោះរការ ស្រុកកំពង់សៀម ថាមានឈ្មោះ យ៉ាង គង់អ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពុងសៀម ខេត្តកំពង់ចាម ដែលត្រូវជាមិត្តភក្តិរបស់ខ្លួននោះ បានលង់ទឹកលិចបាត់នៅចំណុចខាងលើ ក្រោយពីពួកគេបាននាំគ្នា ទៅហែលទឹកលេងនៅទៅនោះទាំងអស់គ្នា ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កោះទន្ទឹម ចុះធ្វើការរុករក ហើយបានឃើញសាកសព ជនរងគ្រោះនៅក្បែរនោះ ចម្ងាយជាង៥០ម៉ែត្រ។ បច្ចុប្បន្នសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររបស់សព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ