ខេត្តកំពង់ស្ពឺ៖ បុរសគម្រក់លោភកាមម្នាក់ បានចាប់កូនស្រីរបស់ប្ដីដើមរំលោភសេពសន្ថវៈបានសម្រេច​ជាច្រើនលើកច្រើនសា តែអំពើអាក្រក់នោះបានឲ្យផលយ៉ាងទាន់ហន់ ក៏ត្រូវបែកការដឹងដល់នគរបាល ចុះទៅឃាត់ខ្លួន​​ កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។

មន្ត្រីនគរបាលស្រុកភ្នំស្រួច​ បានឲ្យដឹងថា​ ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់កូនស្រីរបស់ប្ដីដើមរំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សុខ ធីម អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិរំដួលថ្មី ឃុំព្រៃរំដយល ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ស អាយុ១៧ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ ម្ដាយរបស់ក្មេងស្រីរងគ្រោះ​បានលែងលះគ្នាជាមួយនឹងប្ដីដើមរបស់នាង ហើយក៏បានស្រឡាញ់ និងរួមរស់ជាមួយនឹងជនសង័្សយ​ដែលជាប្ដីក្រោយ (ប្ដីចុង)។ លុះពេលក្មេងស្រីជាកូនប្ដីដើមមានរូបរាងជំទង់ ស្រាប់តែឪពុកចុងមានចរិតជាសត្វតិរច្ឆានម្នាក់នេះ តែងតែលបលួចសម្លក់សម្លឹងមកលើរូបនាងជានិច្ច។ ប៉ុន្តែស្របពេល​ឃើញ ឱកាស​ស្ងាត់ល្អ ប្រពន្ធរបស់គេមិននៅផ្ទះ ​ក៏ចាប់នាងរំលោភសេពសន្ថវៈជាច្រើនលើកច្រើនសា ហើយគំរាមសម្លាប់នាងថែមទៀត ប្រសិនបើនាងយករឿងអាស្រូវរបស់គេមកនិយាយប្រាប់អ្នកដទៃឲ្យដឹង។

ប្រភពព័ត៌មានដដែល បានបន្ដថា លុះមកដល់ថ្ងៃចុងក្រោយ ដោយសារជនសង័្សយនៅតែបន្ត តាម​ចាប់នាងរំលោភរហូត ទើបនាងអត់ទ្រាំពុំបាន ក៏រត់មកប្រាប់លោក អ៊ុ វ៉ុន អាយុ៥៩ឆ្នាំ មុខរបរជាប្រជាការពារភូមិ ដែលមានលំនៅក្នុងភូមិ​ជាមួយគ្នា តាមដំណើររឿងដែលបានកើតឡើង។ ក្រោយពេលដឹងរឿងរ៉ាវអស់ហើយ គាត់បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលឲ្យចុះមកឃាត់ខ្លួនជនសង័្សយតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចោទប្រកាន់តាមផ្លូវច្បាប់៕