ភ្នំពេញ៖ បន្ទាប់ពីតុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណ​បក្សជាតិ ឲ្យនៅក្រៅពន្ធនាគារ ជាបណ្ដោះអាសន្ន កាលពីវេលាទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នោះ​​មក លោក សម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួន នៅក្រៅប្រទេស បានសាទរនឹងការដោះលែងនេះដែរ ប៉ុន្តែលោកនៅតែចាត់ទុកថា នេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវបើកផ្លូវឲ្យគណបក្សសង្រ្គោះជាតិរស់ឡើង​វិញ និងផ្ដល់សិទ្ធិដល់តំណាងរាស្រ្ដរបស់គណបក្ស មានសិទ្ធិធ្វើនយោបាយពេញលេញដូចដើម។

លោក សម រ​ង្ស៊ី បាន​បង្ហោះវីដេអូ តាមគណនីហ្វេសប៊ុករបស់លោក នាព្រឹក ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០​១៨ ខណៈលោកចូលរួមប្រជុំជាមួយនឹងអ្នកគាំទ្រ នៅក្នុងប្រទេសកាណាដា ​ថា​ “​លោកអបអរសាទរ​ចំពោះការដោះលែងលោក កឹ​ម សុខា ​ឲ្យ​មាន​សេរីភាពឡើង​វិញ​។ ឥឡូវ​គេ​ដោះ​លែង កឹ​ម សុខា វិញ​ហើយ ប៉ុន្តែ​ការ​ដោះ​លែង​នេះ​ មិន​គ្រប់គ្រាន់​ទេ​”។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តថា ការ​ដោះ​លែង​លោក កឹ​ម សុខា គ្រាន់​តែ​ជា​ជំហានទី១​ប៉ុណ្ណោះ ​គឺ​យើងត្រូវ​តែ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កើតឡើង​វិញ។ យើង​ត្រូវ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ យើង​ត្រូវ​ទាមទារ​ឲ្យសមាជិក​ក្រុមប្រឹក្សា​ទាំង​៥០០៧​រូប ​ទទួលតំណែង​ឡើង​វិញ ហើយ​យើង​ត្រូវ​ទាសមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិ​ញ ដោយ​​មាន​អន្តរជាតិ​ទទួលស្គាល់​​។

ការ​លើក​ឡើង​របស់​អ​តីត​មេ​បក្ស​ប្រឆាំង​រូបនេះ​ បានធ្វើឡើង បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​ បាន​ដោះ​លែង​លោក កឹ​ម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​ កាលពី​វេលាម៉ោង​​៣ និង៣០​ទៀបភ្លឺ ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨។ ​លោក​ កឹម សុខា​ ត្រូវបាន​តុលាការសម្រេចឃុំខ្លួន នៅក្នុង​ពន្ធនាគារត្រពាំង​ផ្លុ​ង ខេត្តត្បូងឃ្មុំ ​អស់​រយៈពេល​ជាង​១​ឆ្នាំ ​ក្រោម​ការចោទប្រកាន់ ពីបទ “​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​”។

ដោយឡែក នៅឯរាជធានីភ្នំពេញឯណេះវិញ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជាច្រើនរយនាក់ បានទៅប្រមូលផ្ដុំគ្នា នៅមុខគេហដ្ឋានរបស់លោក កឹម សុខា ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ដើម្បីចង់សួរសុខទុក្ខ។ ប៉ុន្តែលោក កឹម សុខា មិនបានចេញមកជួបអ្នកគាំទ្រទាំងនោះទេ។

លោក ចាន់ ចេ​ង មេធាវី​ការ​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​អះអាង​កាលពីព្រឹក ថ្ងៃទី១០ ខែកញ្ញានេះថា លោក កឹ​ម សុខា មិនអាច​ចេញ​មក​ជួប​ជាមួយ​អ្នកគាំទ្រ​ទាំងនោះបាន​ទេ ដោយសារ​បញ្ហាសុខភាព​របស់​​គាត់​ នៅមិន​ទាន់​បាន​ស្រួល​នៅឡើយ​។ ប៉ុន្តែទោះជាយ៉ាង លោកនៅ​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​កូនក្តីរបស់លោក ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​សុំ​ទៅ​ព្យាបាល​ នៅ​ឯក្រៅប្រទេស​នៅ​ឡើយ។

សូមជ្រាបថា បន្ទាប់ពីមានឃ្លីបវីដេអូមួយ បានបែកធ្លាយពីការសារភាពរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពីការឃុបឃិតជាមួយនឹងបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដោយយកលំនាំតាមប្រទេសស៊ែប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ។ ក្រោយមក លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​បទ “ក្បត់ជាតិ” ហើយលោក កឹម សុខា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់​ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បទ “សន្ទិដ្ឋិភាពជាមួយបរទេស” គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូសរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

ក្រោយពេលមានការចាប់ខ្លួនលោក កឹម សុខា​ ប្រធានគណបក្សសង្រ្គោះជាតិភ្លាម គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ និងគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទិ្ធ បានប្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយគណបក្សសង្រ្គោះជាតិ។

បន្ទាប់ពីមានពាក្យបណ្ដឹងពីគណបក្សទាំង២នេះ ក្រសួងមហាផ្ទៃក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីសុំរំលាយគណបក្សសង្រ្គោះជាតិ។ តុលាការ​កំពូលបានលើកយកសំណុំរឿងនេះ មកបើកសវនការ​ពេញមួយថ្ងៃ​ព្រហស្បតិ៍ ទី១៦ ​វិច្ឆិកា ឆ្នាំ២០១៧ ហើយនៅល្ងាចថ្ងៃដដែលនោះ តុលាការកំពូលបានសម្រេចរំលាយ​គណបក្ស​សង្រ្គោះជាតិ ព្រមទាំង​ហាមឃាត់​មន្រ្តី​ជាន់ខ្ពស់របស់គណបក្សនេះ​ចំនួន១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​ រយៈពេល៥ឆ្នាំ។ សេចក្តីសម្រេច​នេះ គឺ​ជា​ការសម្រេច​ជាស្ថាពរ ដោយ​បិទផ្លូវតវ៉ា។ ដោយឡែក តំណាងរាស្រ្ដ និងសមាជិករបស់ក្រុមប្រឹក្សា នៃគណបក្សសង្រ្គោះជាតិ ក៏ត្រូវបាត់បង់នូវអាសនៈរបស់ខ្លួនទៅតាមគណបក្សនេះដែរ៕

https://www.facebook.com/CambodiaElections/videos/314306959334096/UzpfSTUyMDcwODU2Nzk4NTg4MToxOTkxNjI4ODQ3NTYwNTA1/