ភ្នំពេញ៖ ប្អូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវចូលមកជំនួសតំណែងលោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវផ្ទេរភារកិច្ច និងឡើងទៅកាន់តំណែងអនុប្រធានអាជ្ញា​ធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អតីតស្នងការនគរបាលខេត្តបាត់ដំបង និងបច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ នឹងត្រូវប្រកាសចូលកាន់តំណែងជាស្នងការនគរ​បាលរាជធានីភ្នំពេញ ជំនួសលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ។ ពិធីនេះនឹងត្រូវរៀបចំឡើង នៅក្នុងសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើនឹងរដ្ឋមន្រ្តី ជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី៕