ភ្នំពេញ ៖ ក្រោយ​ពេល អាក់ខាន​ការ​សម្តែង​មួយ​រយៈ​កន្លង​មក លោក ជួង ជី ហៅ​នាយ កុយ ជា​ប្រធាន​ក្រុម​កំប្លែង​ដែល​មាន​ក្រុម​សិល្បករ​ចាស់​ៗ​មាន​វ័យ​ហាសិប និង​ហុកសិប​ប្លាយ​ភាគច្រើន​នោះ នឹង​មាន​វត្តមាន សម្តែង​ក្នុង​កម្មវិធី​កម្សាន្ត​មួយ នៅ​ឯ​ប៉ុស្តិ៍​ទូរទស្សន៍ CTN វិញ​ ។

តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ ពី​សំណាក់​តារា​កំប្លែង​ជើង​ចាស់​នាយ កុយ លោក​បាន​ប្រាប់​ដល់​ទស្សនិកជន​យ៉ាង​ដូច្នេះ​ថា «​ក្រុម​កំប្លែង​របស់​លោក បាន​វិល​ទៅ​សម្តែង ក្នុង​ស្ថានីយ​សម្តែង​វិញ​ហើយ គឺ​នឹង​ត្រូវ​សម្តែង​ក្នុង​កម្មវិធី មន្ត​ស្នេហ៍​សំនៀង របស់​ស្ថានីយ៍ទូរទស្សន៍ CTN នៅ​ថ្ងៃ​សៅរ៍​ទី​១៥ ខាង​មុន​នេះ​» ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ធ្វើការ​ប្រការ​ស្វែងរក​សមាជិក​រួម​ក្រុម ជាពិសេស​គឺ​នាង ឃ្មឹ​ប ព្រោះ​ទំនាក់ទំនង​ទៅ​មិន​បាន​សោះ ។ នាយ​កុយ​បាន​និយាយ ដោយ​មាន​ខ្លឹមសារ​ថា «​ដោយសារ​ទំនាក់ទំនង​ទៅ​មិន​បាន ដូច្នេះ​បើ​នាង ឃ្មឹ​ប បានឃើញ​វី​ដេ​អូ​នេះ សូម​ទាក់ទង​មក​ផង ហើយ​ចូល​មក​សម្តែង​កំប្លែង​វិញ​ផង ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន ទោះបីជា​បាន​ចំណូល​បន្តិចបន្តួច​ក្តី តែ​មាន​វា​ចំណែក​មួយ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​វិស័យ​សិល្បៈ​» ។

យ៉ាងណាមិញ ជាមួយ​ដំណឹង​នេះ គឺ​បាន​ធ្វើ​ឲ្យ​ទ​ស្សិ​ក​ជន ដែល​ធ្លាប់តែ​គាំទ្រ និង​តាមដាន​ការ​សម្តែង​របស់​ក្រុម​តារា​កំប្លែង​នាយ​កុយ ពី​មុន​មក មានការ​រីករាយ​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ភាគច្រើន ក៏​កំពុង​តែ​រង់ចាំ​ការ​សម្តែង​របស់​នាយ កុយ​បន្ត​ទៀត​ផង​ដែរ ។

គួរ​ជម្រាប​ថា ប្រិ​យ​មិត្ត​ទស្សនិកជន​ច្បាស់​មិន​ទាន់​ភ្លេច​ឡើយ សម្រាប់​កម្មវិធី​កម្សាន្ត​នា​ពេល​ថ្ងៃត្រង់​ឈ្មោះ «​មន្ត​ស្នេហ៍​សំនៀង​» នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CTN ដែល​នៅ​នាទី​ចុង​ក្រោយ​តែង​មាន វត្តមាន​ក្រុម​កំប្លែង​របស់​នាយ​កុយ តែ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់តែ​ក្រុម​កំប្លែង​នាយ​កុយ​គេ​លែង​ឃើញ​មានការ​សម្តែង​បន្ត​ទៀត​ដូច​កាលពីមុន ។

លោក ជួង ជី ហៅ​នាយ កុយ ក៏​បាន​បង្ហើប​ប្រាប់​ហេតុផល ដែល​ក្រុម​ត្រូវ​បាត់​មុខ​ពី​ការ​សម្តែង​ក្នុង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» នៅ​ឯ​ប៉ុស្តិ៍​ទូរទស្សន៍ CTN នោះ​ដឹង​ដែរ​ថា «​សូ​ម្បី​តែ​ខ្ញុំ​ផ្ទាល់​(​នាយ កុយ​) ក៏​មានការ​ងឿងឆ្ងល់​ដែរ ខណៈ​នា​មួយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់តែ​ក្រុម​កំប្លែង​របស់ខ្ញុំ ដែល​ធ្លាប់​មាន​វត្តមាន​សម្តែង​តាំងពី​យូរយារ​មក​ហើយ​នោះ ត្រូវ​ខាង​អ្នក​រៀបចំ​កម្មវិធី ផ្តល់​ដំណឹង​ថា ដោយសារ​ខាង​ស្ព​ន​ស័​រ​ចង់បាន​ក្រុម​កំប្លែង​មាន​អ្នក​សម្តែង​ក្មេង​ៗ ទើប​បានជា​ក្រុម​របស់ខ្ញុំ​ត្រូវ​ជំនួស​ដោយ​ក្រុម​កំប្លែង​មាន​ក្មេង​ៗ​សម្តែង​របស់​នាយ​ពែ​ក​មី វិញ​ម្តង​»​។

បើ​តាម​ស្តាប់​ការ​រៀបរាប់​របស់​នាយ កុយ ជា​ប្រធាន​ក្រុម​កំប្លែង​ជើង​ចាស់ ដែល​មាន​សមាជិក​ជាង ១០ រូប ភាគច្រើន​មាន​វ័យ​សុទ្ធតែ​ជាង​ហាសិប​ឆ្នាំ ឬ​ហុកសិប​ឆ្នាំ​ប្លាយ​នោះ មិន​បាន​យក​បញ្ហា​លុយកាក់​បាន​ពី​សម្តែង​នោះ​ជា​ធំ​ឡើយ​សម្រាប់​ភាព​អាក់អន់ស្រពន់ចិត្ត ដែល​ក្រុម​លោក​ត្រូវ​បាត់​មុខ​ពី​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ​។

នាយ កុយ បាន​បញ្ជាក់​ថា​៖ «​តាម​ពិត​ទៅ ក្រុម​របស់ខ្ញុំ ដែល​មាន​សមាជិក​ជាង ១០ នាក់​គឺ​មាន​រូប​ខ្ញុំ នាយ សាន ម៉ៅ តា​ចេក នាយ​ក្រិន នាយក​យ នាយ ហុងដា នាង ឃ្មិ​ប នាង​គ្រ​ត នាង​ប្រិមប្រិយ ជាដើម គឺ​មិន​បាន​គិត​ថា ស្តាយ​រឿង​ប្រាក់ បាន​ពី​ការ​សម្តែង​ម្តង​ៗ​មាន​ប្រហែល​ជាង ៣០០ ដុល្លារ​នោះ​ឡើយ​។ ប្រការ​សំខាន់ ពួក​យើង​សោកស្តាយ និង​បារម្ភ​ចំពោះ​ការ​បាត់បង់​វត្តមាន​ពួក​យើង​ពី​ក្រសែភ្នែក​នៃ​ទស្សនិកជន​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​ខំ​រក្សា​សិល្បៈ​កំប្លែង​ដែល​មា​នប​ញ្ជូ​ល​នូវ​ទម្រង់​សិល្បៈ​បុរាណ​នានា​យូរយារ​មក​ហើយ​នោះ​។ ម្យ៉ាងទៀត ពួក​យើង សុខចិត្ត​ឈប់​ពី​ប៉ុស្តិ៍​លេខ ៣ មក​សម្តែង​នៅ CTN តែ​ពេល​នេះ​ត្រូវ​គេ​ឈប់​យក​» ៕