ភ្នំពេញ ៖ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ថា មុខសញ្ញា​ចោរលួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​បាន លោក អ៊ី ថាវរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​ហេតុផល​ថា ដាក់​ចោរ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ កុំ​ឲ្យ​ដើរ​លួច​ដូច​មុន​ទៀត ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់ ដែល​ត្រូវ​លោក​ចៅក្រម អ៊ី ថាវរៈ ដោះ​លែង មានឈ្មោះ សម វិចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។

យោង​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជនសង្ស័យ​ឈ្មោះ សម វិចិត្រ ត្រូវ​បាន​លោកស្រី ស៊ឺ វណ្ណ​នី បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ពី​បទ លួច (​បន្លំ​យក​ម៉ូតូ​) ប្រព្រឹត្ត​នៅ​កន្លែង​ផ្ញើ​ម៉ូតូ ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី យោង​តាម​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្ម​ទ​ទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់គុក​ពី​៦​ខែ ទៅ​៣​ឆ្នាំ ។

ក្រោយ​ពី​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​ឲ្យ​ចៅក្រម អ៊ី ថាវរៈ ចោរ​ក៏​មានសំណាង​ទៅ​ផ្ទះ​វិញ ដើម្បី​បន្ត​មុខរបរ​ដើម ដោយ​លោកស្រី ស៊ឺ វណ្ណ​នី មិន​បាន​ប្តឹង​ទាស់ នឹង​សេចក្តីសម្រេច មិន​ឃុំខ្លួន​ជនសង្ស័យ របស់​ចៅក្រម​ស៊ើបសួរ​នោះ​ទេ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​តុលាការ ។

ប្រភព​ពី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បាន ខ្សឹប​ប្រាប់​អ្នកកាសែត​ទាំង​ហួសចិត្ត​ថា មិន​សម​ណា​ចោរ​ដែល​សមត្ថកិច្ច​ខំ​ចាប់ មិន​បាន​ជាប់គុក បែរជា​មានសំណាង បាន​បន្ត​មុខរបរ​ចាស់​បែប​នេះ​សោះ ដូច្នេះ​នេះ​ជា​កំហុស ដ៏​ធ្ងន់ធ្ងរ​របស់​ប៉ូ​លី​ស ដែល​ចាប់​ចំ​ចោរ​ល្អ ទើប​តុលាការ​សហការ​គ្នា​លែងចោរ​ល្អ​ឲ្យ​ទៅ​ផ្ទះ​វិញ ៕