ខេត្តកំពង់ចាម៖ ​​យុវជនម្នាក់បានចាប់មាន់ ឆ្កែ ហើយគីង្គក់ ហែកជញ្ជាក់ឈាម និងស៊ីសាច់ឆៅ ក៏ត្រូវ​សមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិកោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន។

លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន​ បានឲ្យដឹងថា យុវជនដែលអ្នកភូមិ​អះអាងថា ខ្មោចចូល ហើយចាប់សត្វហែកស៊ីទាំងរស់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន។ ជនបានចាប់ឆ្កែ៣ក្បាល មាន់មួយក្បាល និងគីង្គក់មួយក្បាល ហែកស៊ីទាំងរស់ និងជញ្ជក់ឈាម។

លោកអធិការនគរបាលស្រុកកោះសូូទិន បានរៀបរាប់តាមការឲ្យដឹងពីអ្នកភូមិថា មួយ​រយៈកន្លងមក​នេះ យុវជន​ខាងលើ​បាន​ចាកចេញពីផ្ទះរបស់គេ ដោយប្រាប់អ្នកភូមិ​ថា គេទៅ​លេង​ម្តាយ ​នៅឯ​ភ្នំពេញ​ អស់​រយៈពេលជា​ច្រើន​ថ្ងៃ ហើយ​​​​ផ្ទះ​នៅ​ភូមិ​កោះ​ចិនបាន​បិទទ្វារ​ចាក់សោ​ចោល រហូតមកដល់​ពី​៤​ទៅ​៥​ថ្ងៃមុននេះ ទើបគេត្រឡប់មកវិញ។ លុះមក​ដល់ព្រឹក​ ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ២០១៨ គេ​បាន​ចេញ​ទៅ​ច្រូតស្មៅ​ឱ្យ​គោ​ជាមួយ​នឹងអ្នក​ជិតខាង។

លោកអធិការនគរបាលស្រុកកោះសូទិន​ បានបន្ដថា បន្ទាប់ពីត្រឡប់មកពីច្រូលស្មៅគោវិញ យុវជនខាង​លើ​បានទៅទិញស្រាមកអង្គុយ​ផឹកតែ​ម្នាក់ឯង​ នៅ​លើ​ផ្ទះ​របស់​គេ។ ក្រោយមក គេបានប្រាប់​ទៅ​អ្នក​ជិតខាង​ថា សូម​ឱ្យ​ជួយ​ប្រាប់​ដល់​សាច់​ញាតិ​របស់​ខ្លួន​ផង​ថា “​ល្ងាច​នេះ​ រូបគេ​មិន​ស្រួលខ្លួន​ទេ សូម​​ជួយ​ប្រាប់​ទៅ​បងប្អូន​ឱ្យ​បានដឹង និង​ស្រះ​របង​បិទ​ផង ព្រោះ​នៅក្នុង​ខ្លួន ​ហាក់​មាន​វិញ្ញាណ​មនុស្ស​ប៉ុន្មាន​នាក់​មកចូលសណ្ឋិត​នៅ​ក្នុង​ខ្លួន​»​។

លោកអធិការន​គរបាលស្រុកកោះសូទិន បានបន្តថា បើទោះជា យុវជនខាងលើនេះនិយាយបែបនេះក្ដី ក៏អ្នកភូមិមិនបានចាប់អារម្មណ៍នោះដែរ។ លុះមកដល់វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ អ្នកជិតខាងបាន​​ឮ​សូរ​សំឡេង​ឆ្កែ​ស្រែក ​ទើបពួកគាត់នាំ​គ្នា​បញ្ចាំង​ភ្លើង​ពិល​មើល​ ក៏​ឃើញ​យុវជន​ម្នាក់នេះ​កំពុង​តែចាប់​ហែក​កូន​ឆ្កែ​ទាំង​រស់ ជញ្ជក់ឈាម និងស៊ីគួរ​ឱ្យ​រអើម​បំផុត។

លោកអធិការនគរបាលដដែល បានបន្តថា ឃើញបែបនេះ ម្តាយរបស់គេបានខំ​ប្រឹង​ និយាយ​លួង​លោម​​កូនប្រុស​របស់គាត់យ៉ាងខ្លាំង តែ​កូនប្រុស​​មិន​ព្រម​បើកទ្វារ​ផ្ទះ​ឱ្យអ្នកណាម្នាក់ចូលក្នុងផ្ទះនោះទេ។ រហូត​មក​ដល់​រសៀល​ថ្ងៃទី៩ ខែកញ្ញា លោក​​​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ដល់​ផ្ទះ​កើត​ហេតុ ឃើញយុវ​ជន​ម្នាក់​កំពុងចាប់​មាន់​១​ក្បាល​ហែក​ស៊ី និង​ជញ្ជក់​ឈាម​ រួច​ហើយបាន​បោះ​មក​ដី​។

លោកអធិការនគរបាលស្រុកកោះសូទិន​ បានឲ្យដឹងថា នៅពេលឃើញសកម្មភាពកូនរបស់ខ្លួនធ្វើបែបនេះ ម្ដាយរបស់គេ និងអ្នកភូមិគិតទៅលើជំនឿអរូបី ទើបនាំគ្នា​អុជ​ធូប​បួងសួង​ដល់​ដូនតា​ឱ្យ​ជួយ​អន្ទង​​​ចិត្ត​កូនប្រុស​ឱ្យ​ព្រម​ចេញពី​ក្នុងផ្ទះ។ លុះបន្តិចក្រោយមក យុវជនម្នាក់នេះ​បានទ្វារ​ផ្ទះ​ចុះ​​មក​ដី ​ហើយ​រត់ឡើង​ទៅ​លើ​ផ្ទះ​វិញ។ រីឯសមត្ថកិច្ចក៏ចេះតែតាមឃ្លាំមើល ខ្លាចកើតមានបញ្ហាជាយថាហេតុ រហូតដល់វេលាម៉ោងជិត​៦​​ល្ងាច ទើបសមត្ថកិច្ច​ប្រើ​វិធី​សាស្ត្រ​បញ្ឆោត និងប្រើ​កម្លាំង​ឡើង​ទៅ​លើ​ផ្ទះ​ចាប់​ និង​ប្រគល់​ឱ្យ​ម្តាយ​នាំ​ទៅ​ទុក ​នៅ​ឯវត្ត​សិន ដើម្បី​បន្ត​ព្យាបាល​ជំងឺ​ ព្រោះ​រូបគេ​ពិតជា​មាន​សតិ​លែង​ប្រក្រតី​ទៅ​ហើយ៕