ភ្នំពេញ៖ ស្ដ្រីម្នាក់មានចរិតអន់ជាងសត្វតិរច្ឆាន បានបីកូនដែលទើបនឹងកើត យកទៅ​បោះចោល ហើយ​​គេចខ្លួនបាត់ ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញទារកនោះ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង​៣ និង៥០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្ដីរបស់លោក សេង សុីថា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិខាងលើ (ក្បែរកន្លែងប្រទះឃើញទារកនោះ) បានឲ្យដឹងថា មុនពេលប្រទះឃើញទារកនេះ មានអ៊ំប្រុសម្នាក់បានឮសូរសំឡេងក្មេងយំ នៅលើដីចម្ការខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ។ នៅពេលឮសំឡេងបែបនេះ គាត់បានកើតការងឿងឆ្ងល់ថា តើនរណាទុកកូនឲ្យនៅយំបែបនេះ? ម្យ៉ាងមេឃរកកល់ចង់ភ្លៀងទៀតផង ទើបគាត់ប្រើរូបគេឲ្យទៅមើល ស្រាប់​តែប្រទះឃើញទារកទើបកើតថ្មីៗ ហើយត្រូវម្ដាយយកទៅបោះចោលទាំងមិនទាន់កាត់ទងផ្ចិតផង។ ឃើញបែបនេះ រូបគេមានការអាណិត​អាសូរដល់ទារក (ក្មេងប្រុស)នេះយ៉ាងខ្លាំង មិនគួរណាបង្កើតគ្នាមក បានឃើញពន្លឺព្រះអាទិត្យហើយ បែរ​ជា​ឪពុកម្តាយដាច់ចិត្ដយក​កូន​ទើបនឹងកើតមកបោះចោលបែបនេះសោះឡើយ។ ភ្លាមៗនោះ រូបគេបានបីទារកដ៏កម្សត់នេះ មកផ្ទះរបស់ខ្លួន ក៏បង្កឲ្យភ្ញាក់ផ្អើលពេញភូមិតែម្ដងទៅ។

អ្នកស្រី លន់ សំណាង អាយុ៣៥ឆ្នាំ ត្រូវជាបងថ្លៃរបស់បុរសខាងលើ មានលំនៅជាមួយគ្នា បានឲ្យដឹង​ថា បន្ទាប់ពីប្អូនប្រុសរបស់គាត់ប្រទះឃើញទារកបែបនេះ​ រួចហើយគេបីយកយកមកក្នុងផ្ទះ គាត់​សែនអាណិត​ខ្លោចចិត្ត មិនគួរណាម្ដាយដាច់ចិត្តយកកូនមកបោះចោលអ៊ីចឹងសោះឡើយ។ ឪពុកម្តាយអីក៏គ្មានធម៌មេត្តាអីបន្តិចសោះ។ កូនរបស់ខ្លួនកើតចេញពីផ្ទៃខ្លួនឯងហើយ ហេតុអ្វីក៏ចិត្តដាច់ម៉្លេះ?

អ្នកស្រីបានបន្តថា បើតាមគាត់យល់ គឺករណីនេះអាចម្ដាយរបស់ទារកនេះ ប្រហែលជាបានជ្រុលជ្រួសបណ្ដោយខ្លួនជាមួយ​នឹងប្រុសឈ្មោលណាម្នាក់ រហូតដល់មានកូនក្នុងផ្ទៃ ហើយត្រូវគេបោះបង់ចោល ទើបធ្វើឲ្យម្ដាយធ្វើបែបនេះ។ ប៉ុន្តែការខឹងនឹងបុរសនោះ មិនគួរណាមកបញ្ចេញកំហឹងដាក់កូនដែលជា​ឈាម​ជ័ររបស់ខ្លួន គឺគេមិនបានដឹងអ្វីសោះ ព្រោះយើងជាម្ដាយត្រូវមានព្រហ្មវិហារធម៌មកលើកូន។

អ្នកស្រីបានបន្តថា បន្ទាប់ពីនាំទារកនោះមកដល់ផ្ទះហើយ គាត់បានរាយការណ៍ជូនទៅអាជ្ញាធរ ហើយនាំទារកនេះសង្រ្គោះអាយុជីវិតជាមុនសិន ពីព្រោះទារកនោះត្រូវស្រមោចរោម បង្កឲ្យស្លាកស្នាមពេញខ្លួន។ រី​ឯ​ទងផ្ចិតនៅមិនទាន់ចងនៅឡើយ ហើយរាងកាយមិនទាន់ជូតលាងសម្អាតទេ ទើបគាត់សម្រេចយកទៅពិនិត្យសុខភាព នៅក្នុងមន្ទីរពេទ្យបង្អែកពោធិចិនតុង ដើម្បីតាមដានសុខភាពរបស់ទារកខាងលើបន្តទៀត៕