ភ្នំពេញ ៖ រថយន្ត​ទំនើប​ម៉ាក ​ហ្វើ​រ៉ា​រី (Ferrari) ​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូតរេ​​ឡើង​លើ​ខឿន​ថ្ម​ចិញ្ចើម​ផ្លូវ បន្ត​ទៅ​បុកគម្រប​លូ​ទឹក​ស្អុយ កៀប​ជាប់​នឹង​ដើម​ត្នោត ​មុខ​ភូមិ​គ្រឹះ​ឯកឧត្តម ​ជា សុ​ផា​រ៉ា ទៅ​មុខ​លែង​រួច ។

បណ្តាលអោយរថយន្តទំនើបរង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​អ្នកបើកបរ​គ្រាន់តែ​រង​របួសស្រាល​ស្រាល​ប៉ុណ្ណោះ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ កញ្ញា ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ត្រង់​ចំណុច​មុខ​ភូមិ​គ្រឹះ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ ។

រថយន្ត​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នេះ ម៉ាក ហ្វើ​រ៉ា​រី (Ferrari) ពណ៌​ក្រហម ជា​ប្រភេទ​រថយន្ត​ទំនើប និង​មាន​តម្លៃ​កប់​ពពក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-7777 រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​អ្នកបើកបរ​គ្រាន់តែ​រង​របួសស្រាល​ស្រាល​ប៉ុណ្ណោះ​​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ជំនាញ​ក្រុង ​បាន​មក​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​ដោយ​ពិនិត្យ​មើលឃើញ​រថយន្ត​ខាងលើ ​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ហើយ​ម្ចាស់​រថយន្ត​បាន​ចេញ​មុខ មក​ដោះស្រាយ​ជាមួយ​តំណាង ដោយ​យល់ព្រម​ជួសជុល​ឱ្យ​ម្ចាស់ផ្ទះ​ទាំងស្រុង ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ទើប​អនុញ្ញាតិ​ឱ្យ​ម្ចាស់​រថយន្ត ហៅ​រថយន្ត​ស្ទូច​មក​ធ្វើការ​ស្ទូច​រថយន្ត​ទំនើប​ខាងលើ យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ ៕