ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​បបួល​មិត្តភក្តិ​ជិត​ស្និទ្ធ​ម្នាក់ ផឹកស៊ី​នៅផ្ទះ​របស់​ខ្លួន ហើយ​ព្យាយាម​បង្អកស្រា​មិត្តភក្តិ​នោះ​រហូត​ដល់​ស្រវឹង​ក្រោក​មិន​រួច ក៏​ជិះ​ម៉ូតូ​ទៅ​ចាប់រំលោភ​ប្រពន្ធ​មិត្តភក្តិ រហូត​បាន​សម្រេច មួយ​ភ្លែត​ដល់​ទៅ​២​ដង ទើប​ស្ត្រី​រង​គ្រោះ​ទម្លាយ​រឿង​ប្រាប់​ប្តី ក៏​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង ឱ្យ​សមត្ថកិច្ច​ចាប់​យក​មក​ចាត់ការ​តាម​ច្បាប់ ។

ករណី​រំលោភ​សេពសន្ថវៈ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៥ កញ្ញា ២០១៨ នៅ​ចំណុច​ឃុំ​ស្នួល ស្រុក​ស្នួល ។ លុះ​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ​ស ឌី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​លំនៅ​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ។ ចំណែក​ស្ត្រី​រង​គ្រោះ មាន​អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​មិត្តភក្តិ​ជិត​ស្និទ្ធ ជាមួយ​ជនសង្ស័យ​ខាងលើ និង​មាន​លំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។

តាម​សម្តី​ស្ត្រី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​០៥ កញ្ញា ជនសង្ស័យ​បាន​មក​បបួល​ប្តី​របស់​នាង ដែល​ត្រូវជា​មិត្តភក្តិ​ជិត​ស្និទ្ធ​នឹង​គ្នា ផឹកស៊ី​នៅផ្ទះ​របស់​ជនសង្ស័យ ។ បន្ទាប់​មក ជនសង្ស័យ ក៏​បាន​ព្យាយាម​បង្អកស្រា​ប្តី​របស់​នាង រហូត​ដល់​ស្រវឹង​ជោកជាំ ក្រោក​លែង​រួច (​សម្តី​ប្តី​និយាយ​ប្រាប់​ប្រពន្ធ​) ។ លុះ​មក​ដល់​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ដដែល ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ មក​ផ្ទះ​របស់​នាង និង​បាន​មក​ប្រាប់​នាង​ថា ឱ្យទៅ​យកប្តី​ផង ព្រោះ​ផឹក​ស្រវឹង​ដេក​ងើប​មិន​រួច នៅផ្ទះ​របស់​គេ ។

ស្ត្រី​រង​គ្រោះ បន្ត​ថា ភ្លាម​នោះ ជនសង្ស័យ​ក៏​បាន​ហៅ​ឱ្យ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​គេ​ទៅ ចាំ​គេ នាំ​ទៅ​យកប្តី ចំណែក​នាង​ហេតុតែ​ទុកចិត្ត​ពេក ព្រោះ​ជា​មិត្តភក្តិ​របស់​ប្តី ក៏​ព្រម​ឡើង​ម៉ូតូ ទៅ​ជាមួយ​ជនសង្ស័យ​ទាំង​យប់ ស្រាប់តែ ពេល​ដឹក​នាង​ដល់​ពាក់​កណ្តាលផ្លូវ ដែល​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ រួច​ចាប់​អូស​នាង​ចុះ​ពីលើ​ម៉ូតូ និង​បាន​គំរាម​សម្លាប់ នាង​ចោល ប្រសិនបើ​នាង​ហ៊ាន​ស្រែក បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​ចាប់​នាង​រំលោភ​រហូត​ដល់​បាន​សម្រេច​តែ​ម្តង ចំណែក​នាង​ក៏​មិន​ហ៊ាន​ស្រែក​ទេ ព្រោះ​ខ្លាច​ជនសង្ស័យ​សម្លាប់​បំ​បិត​មាត់ ហើយ​បើ​ទោះជា​ស្រែក​ក៏​គ្មាន​អ្នក​លឺ​ដែរ ព្រោះ​តំបន់​នោះ​ដាច់​ស្រយាល​ពី​ភូមិ គ្មាន​មនុស្ស​នៅទេ ។

ស្ត្រី​រង​គ្រោះ បន្ត​ទៀត​ថា ក្រោយ​ពី​ចាប់​នាង​រំលោភ​បាន​សម្រេច​មួយ​លើក​ហើយ ជនសង្ស័យ​ក៏​បាន​ដឹក​នាង​បំណង​ត្រឡប់​ទៅ​ផ្ទះ​នាង​វិញ ស្រាប់តែ​ទៅ​ជិត​ដល់​ផ្ទះ​របស់​នាង​ទៅ​ហើយ ជនសង្ស័យ​មិន​ទាន់​ស្កប់ស្កល់ ក៏​ឈប់​ម៉ូតូ​ចាប់​ខ្ទប់មាត់​រំលោភ​នាង​រហូត​ដល់​បាន​សម្រេច​មួយ​លើក​ទៀត សរុប​ទៅ តែ​មួយ​ភ្លែត​សោះ ជនសង្ស័យ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ដល់​ទៅ​២​ដង ។

ស្ត្រី​រង​គ្រោះ បន្ថែម​ថា ក្រោយ​ពី​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ​រួច​ហើយ នាង​មិន​ទាន់​ហ៊ាន​ប្រាប់​ប្តី​ភ្លាម​ៗ​ទេ រហូត​មក​ដល់ ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា ទើប​នាង​ដាច់​ចិត្ត​រៀបរាប់​ប្រាប់​ថា​ប្តី និង​ត្រូវ​ប្តី​នាំ​នាង​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែ​ម្តង ។

នគរបាល​ស្រុក​ស្នួល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​រួច​មក សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ នាំ​យក​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ស ឌី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ស្ត្រី​រង​គ្រោះ​ប្តឹង​ចោទប្រកាន់​មែន ពេល​ដឹង​ថា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ស្រវឹង​ក្រោក​លែង​រួច ខ្លួន​ក៏​បែកគំនិត​ចង់​ប្រពន្ធ​ក្លើ ក៏​ជិះ​ម៉ូតូ​ទៅ​បញ្ឆោត​នាង​ថា មក​យកប្តី រួច​ក៏​ចាប់រំលោភ​នាង តាម​ផ្លូវ​រហូត​ដល់​បាន​សម្រេច​២​ដង​តែ​ម្តង ៕