ខេត្តព្រះវិហារៈ បុរសកំណាចម្នាក់ទើបនឹងត្រឡប់មកពីផឹកស្រវឹង បែរជាយកក្បាលគ្រាប់បេសែសិប មក​ដំលេង សម្រាប់ទុកសម្លុតគំរាមប្រពន្ធ ស្រាប់តែផ្ទុះលាន់កក្រើកដី បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់នេះតែងតែប្រើនូវអំពើហិង្សាមកលើប្រពន្ធ​ជា​ញឹកញាប់ ហើយនៅពេលស្រវឹងម្ដងៗ គេតែងតែយកគ្រាប់ចាស់ៗមកកែច្នៃ គប់សំដៅទៅលើប្រពន្ធ ធ្វើឲ្យគាត់ភ័យរត់ព្រលឹងចុងសក់។ លុះមកដល់ថ្ងៃកើតហេតុ បុរសរងគ្រោះបានយកក្បាលគ្រាប់បេសែសិបដែលរើសបាននាពេលកន្លងមក យកមកដំកែច្នៃ នៅក្រោមផ្ទះរបស់ខ្លួនទាំងអាការស្រវឹង ហើយគេបាន​ហៅប្រពន្ធឲ្យមកអង្គុយមើល។ ប៉ុន្តែប្រពន្ធឃើញហេតុការណ៍មិនស្រួល ក៏ចុះពីលើផ្ទះ រត់ទៅរកអ្នកជិតខាងឲ្យ​មក​ជួយហាមឃាត់ប្ដីរបស់គាត់។ ប៉ុន្តែអ្នកភូមិមិនទាន់ទាំងទៅឃាត់ផង ស្រាប់តែគ្រាប់នោះផ្ទុះលាន់កក្រើកដី បណ្តាលឲ្យរងរបួសសើ្ទរសុសសាច់។

មន្ត្រីនគរបាលស្រុកជាំក្សាន្ដ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លេង បូណា អាយុ៤៨ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ជាំក្សាន្ដ ខេត្តព្រះវិហារ។ កន្លងមក បុរសម្នាក់នេះ និងប្រពន្ធរបស់គេ តែងតែឈ្លោះ​ប្រកែកគ្នាជាញឹកញាប់ ដោយសារតែគេចូលចិត្តយកគ្រាប់មកគប់ប្រឡែងលេង និងគំរាមប្រពន្ធជាញឹកញាប់។ នៅពេលស្រវឹងម្ដងៗ គេតែងតែប្រើនូវអំពើហិង្ សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះ រហូតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួន និងដកហូតគ្រាប់ចាស់ចំនួន៣គ្រាប់ ហើយឲ្យគេធ្វើកិច្ចសន្យា នៅក្នុងអធិការដ្ឋាននគរបាល ម្តងរួចហើយ។

គ្រូពេទ្យបង្អែកស្រុក បានអះអាងថា ដោយសារតែអាការរបួសធ្ងន់ពេក ទើបក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ត នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕