ខេត្តកណ្ដាល៖ បុរសមួយក្រុមបានព័ទ្ធវង់ផឹកស៊ី ជល់កែវគ្នាចុះឡើង ស្រាប់តែទាស់ពាក្យសម្ដីគ្នា ទាញកាំ​បិត​ចាក់ប្រហារទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៨ នៅងត្រង់ចំណុច​សួនច្បារ​មាត់ស្ទឹង ស្ថិតក្នុងភូមិ​ដើមមៀន សង្កាត់ដើមមៀន ក្រុង​តាខ្មៅ។

មន្រ្ដី​នគរបាល​ក្រុងតាខ្មៅ ​បានឲ្យ​ដឹងថា ជនសង្ស័យ​ជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននោះ ​ឈ្មោះ សា តាម អាយុ៥៧ឆ្នាំ (មានរបួស​ស្នាម១កន្លែង​ ត្រង់បាត​ដៃខាងស្តាំ)។ រីឯជន​រងគ្រោះ ឈ្មោះ សុខ ចាន់ អាយុ៤៤ឆ្នាំ (មានរបួស​ស្នាម៣កន្លែង ត្រង់កញ្ចឹងក​១កន្លែង ខ្នង១កន្លែង និងកំ​ភួនដៃខាងឆ្វេង​១កន្លែង)។ ពួកគាត់ទាំង២នាក់ (ជនសង្ស័យ និង​ជនរងគ្រោះ) មានលំនៅក្នុងភូមិ​ព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ចំណែក​វត្ថុតាងដែលសមត្ថកិច្ចដក​ហូត​បាន មាន​កូនកាំបិត​ចុងស្រួច១ មានប្រវែង​២០សង់ទីម៉ែត្រ (ជារបស់​ជនសង័្សយ)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង្ស័យ​បានផឹក​ស្រាម្នាក់​ឯង នៅផ្ទះ​របស់ខ្លួន​ អស់ប្រហែលកន្លះ​លីត្រ។ បន្ទាប់មក ជនសង្ស័យ​បានដើរមកកម្សាន្ដលេង ​នៅតាមសួនច្បារ​មាត់ស្ទឹង​តាខ្មៅ ហើយបានជួបនឹងជនរងគ្រោះ​ដែលកំពុងអង្គុយ​ផឹកស្រាជា​មួយមិត្តភក្ដិ​ម្នាក់ទៀត នៅលើបង់​។ ភ្លាមៗនោះ ជន​សង្ស័យបាន​ដើរចូល​ទៅផឹក​ជាមួយអស់​មួយកែវ ស្រាប់តែនិយាយ​ទាស់ពាក្យ​សំដីគ្នា ធ្វើឲ្យជន​សង័្សយ និង​ជនរងគ្រោះ​ប្រតាយ​ប្រតប់គ្នា។ នៅពេលនោះ​ជនសង័្សយ​បានយក​កូនកាំបិត ​ស្ទុះចាក់ប្រហារទៅលើជ​នរងគ្រោះ​ចំនួន៣​កន្លែង គឺត្រង់​កញ្ចឹងក​១​កន្លែង ខ្នង១កន្លែង និងកំភួនដៃ​ខាងឆ្វេង១កន្លែង បណ្ដាលឲ្យ​រងរបួស​យ៉ាងដំណំ។

ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំទៅកាន់អធិការដ្ឋាននគរ​បាល​ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ដោយឡែក ជនរង​គ្រោះត្រូវ​បានក្រុម​គ្រួសារនាំ​ទៅព្យាបាល​ នៅក្នុងមន្ទីរពេទ្យ៕