ខេតរតនគិរី៖ ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីនេះ​ បាននាំគ្នាដឹកក្របីឈ្មោលមួយក្បាល មកកាត់ក ដើម្បីសែនព្រេនដល់អ្នកតា​ភូមិ និង​អ្នកតា​ភ្នំ សុំ​សេចក្ដី សុខ​សប្បាយ​ដល់​អ្នក​ភូមិ​ទាំងមូល។

ជនជាតិដើមភាគតិចគ្រឹង និងកាចក់ ភាគច្រើន​រស់នៅក្នុងទឹកដី​ខេត្ត​រតនគីរី​ នា​ភូមិភាគ​ឦសាន នៃប្រទេសកម្ពុជា ដែលមានចម្ងាយ​ប្រហែល៥៨៨​គីឡូ​ម៉ែ​ត្រ ពីរាជធានីភ្នំពេញ។ បើយើងធ្វើដំណើរទៅកាន់តំបន់នោះ គឺត្រូវធ្វើដំណើរតាម​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១៣។

បើតាមសម្ដីរបស់បងប្អូនជនជាតិដើមភាគតិច បានឲ្យដឹងថា នៅក្នុងខេត្តត្ត​នេះ​ មាន​បងប្អូន​ជនជាតិភាគតិច​រស់នៅ​៦៥​ភាគរយ។ កាលពី​រាប់រយ​ឆ្នាំ​មុន ​ពួក​គាត់​ចូល​ចិត្ត​រស់នៅ​តាម​របៀប​កុលវ​សម្ព័ន្ធ គឺ​រស់នៅ​តាមតំបន់​ព្រៃ​ភ្នំ និង​កាន់សាសនា​ព្រហ្មញ្ញ មាន​ជំនឿ​ទៅ​លើ​អា​រុក្ខ​អារក្ស អ្នកតា​ភ្នំ និង​អ្នកតា​ភូមិ។

បងប្អូនជនជាតិភាគតិចដដែល បានបន្តថា ជនជាតិភាគតិច​គ្រឹ​ង និង​កាចក់ តែងតែ​រៀបចំ​ធ្វើ​ពិធី​សែន​ក្របី​នេះ ​ពីព្រោះវាជា​កេរដំណែល​តតាំង​ពី​ដូនតាមក ​បាន​បន្សល់​ទុករាប់រយ​ឆ្នាំ​​មក​ហើយ។ រីឯឆ្នាំនេះ ជនជាតិភាគតិចគ្រឹង និងកាចក់ បានជ្រើសរើសយក ថ្ងៃ​ទី​៤ ខែកញ្ញា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​ព្រឹក មកធ្វើពិធីសែនតាមទំនៀមទម្លាប់ដូចតា ដោយកាប់​ក្របី​ឈ្មោល​មួយ​ក្បាល សម្រាប់​សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ ​តាម​ទំនៀមទម្លាប់​របស់​ពួក​គាត់ ដែលជាអ្នករស់នៅ​ក្នុងភូមិ​កោះ​ពាក ឃុំ​កោះ​ពាក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី។

បងប្អូនជនជាតិភាគតិចរស់នៅក្នុងភូមិកោះពាក បានបន្តថា​ ការធ្វើពិធីតាមទំនៀមទម្លាប់របស់ពួកគាត់នេះ ក៏មានការ​ឯកភាព​គ្នា និង​រៀបចំ​ធ្វើឡើង ​នៅផ្ទះ​លោកតា ​នូ​ល យ៉ាំ​ង អាយុ​៧០​ឆ្នាំ ជនជាតិ​គ្រឹ​ង មានមុខងារ​ជាជំទប់​ទី​២ ​ឃុំ​កោះ​ពាក។

អ្នក​ភូមិ​កោះពាក បានបន្តថា ​កម្មវិធី​នេះ​ គឺបងប្អូនតែងតែប្រារព្ធ​ធ្វើ ​ក្នុង​មួយ​ឆ្នាំ​ម្ដង ​តាម​ប្រព្រៃ​ណី​ជនជាតិ​គ្រឹ​ង និង​កាចក់។ បើតាមជំនឿរបស់ពួកគាត់ គឺបើ​មិន​រៀបចំ​សែន​នោះ​ទេ ​អ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​ខឹង នាំឲ្យពួកគាត់មិនមានសេចក្ដីសុខ។ ​នៅ​ក្នុង​ពិធី​នេះ​ ​មានការ​រៀបចំ​សំណែន​សែន ​ដូច​ជា​សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល និង​មាន​ភ្លេង​របស់​បងប្អូន​ជនជាតិ​ វាយគង​រាំ​ជុំវិញ​សត្វ​ក្របី ​មុន​នឹង​កាប់សម្លាប់ រួម​ទាំង​ស្រា​ពាង​ជា​ច្រើន​ពាង ​រៀបចំ​សែន​ នឹក​គុណ​ដល់​ជីដូន​ជីតា​ ដែល​បានចែក​ឋាន​ទៅ និង​នឹក​គុណ​ដល់​អា​រុក្ខ​អារក្ស អ្នកតា​ភ្នំ និង​អ្នកតា​ភូមិ​ផងដែរ៕