ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​២​នាក់​ទៀត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ខណៈ​ពេល​កំពុង​ដើរ​ផ្សព្វផ្សាយ​ចែក​ខិតប័ណ្ណ​មាន​រូប​អាស​អា​ភាព បង្កប់ន័យ​បម្រើសេវា​ផ្លូវភេទ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​២​នាក់​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​ជិត​០១​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ។

លោក ជួន ណា​រិ​ន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​ទី​១-​ឈ្មោះ HUANG JI ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ទី​២-​ឈ្មោះ XIA LU ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។

ក្រោយ​ពី​បាន​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ឈាន​ទៅ​ធ្វើការ​ឆែកឆេរ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ នៅ​ហាង​ម៉ា​ស្យា យីហោ SPA ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ខ្លួន​ស្ត្រីជន​ជាតិចិន​ចំនួន​១០​នាក់ នៅ​ក្នុង ហាង​ម៉ា​ស្យា ដោយ​ដកហូត​បាន​វត្ថុ​តាង មាន​ខិតប័ណ្ណ​មាន​រូប​អាសអាភាស​៧២​ប្រអប់ (១​ប្រអប់​ស្មើនឹង​៥០០​សន្លឹក​), សៀវភៅ​កត់ត្រា ៣​ក្បាល​,- ស្រោមអនាម័យ​មិន​ទាន់​ប្រើ​ចំនួន ៨០​ស្រោម​, ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ០៥​ស្រោម​, អាយ​ផេ​ត ម៉ាក Dinabook ១​គ្រឿង​, កាបូប​ដាក់​ស្រោមអនាម័យ​ចំនួន​៣, វិទ្យុទាក់ទង​ម៉ាក Magaband ចំនួន​៣​គ្រឿង ។

ជនសង្ស័យ​ទាំង​២​នាក់ និង​ស្ត្រី​ចំនួន​១០​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

សូម​រម្លឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ​ឆ្មក់​ចាប់​បាន​ជនជាតិ​ចិន ដែល​ជា​អ្នក​ដើរ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ម៉ាស្សា​ចំនួន​៦​នាក់ និង​ដកហូត​បាន​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក ។ ករណី​នេះ សមត្ថកិច្ច​គ្រាន់តែ​បាន​អប់រំ​ឲ្យ​ជនសង្ស័យ​ទាំង​៦ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ទាំងស្រុង​តែ​ប៉ុណ្ណោះ ៕